ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំលំដាប់ទី២ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នឹងចាប់ផ្តើមហោះហេីរត្រង់ពីទីក្រុង Abu Dhabi មករាជធានីភ្នំពេញនាដើមខែក្រោយ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំលំដាប់ទី២ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នឹងចាប់ផ្តើមហោះហេីរត្រង់ពីទីក្រុង អាប៊ុយដាប៊ី(Abu Dhabi) នៃប្រទេសអារ៉ាប់រួម មកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបពិភាក្សាការងាររវាង លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក Charles Tan នាយកគ្រប់គ្រងតំបន់អាសុីរបស់ក្រុមហ៊ុន Etihad Airways កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងជំនួបដ៏សំខាន់ និងប្រកបដោយផ្លែផ្កាលើការតភា្ជប់ប្រទេសកម្ពុជាទៅកាន់ពិភពលោក ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់គ្រប់គោលដៅនៃក្រុមហ៊ុន លោក ហួត ហាក់ វាយតម្លៃខ្ពស់ដល់ក្រុមហ៊ុនដែលបានមើលឃើញពីសក្តានុពលទេសចរណ៍ដ៏ខ្លាំងក្លាដែលជាទីផ្សារទើបនឹងរះ និងការជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសម្រេចបើកការហោះហេីរត្រង់ពីទីក្រុង Abu Dhabi នៃប្រទេសអារ៉ាប់រួមមកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ដែលពិតជាជួយឱ្យកំណើនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកាន់តែច្រើនឡើង។

សូមបញ្ជាក់ជូនថាតាមរយៈប្រភពព័ត៌មានផ្សព្វផ្សាយជាសាធារណៈ ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំលំដាប់ទី២ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ដែលមានទីស្នាក់ការកណ្តាលរបស់ខ្លួននៅរដ្ឋធានី​អា​ប៊ុ​យ​ដា​ប៊ី ​«Abu Dhabi»​ មានយន្តហោះជាង១១០ គ្រឿង និងហោះហើរទៅកាន់គោលដៅជាង១២០ កន្លែង ក្នុងពិភពលោក ដោយបានដឹកអ្នកដំណើរជាង២០លាននាក់ក្នុងរយៈពេល១២ខែចុងក្រោយនេះ៕