លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួម «ពិធីបួងសួងចម្រើនសេចក្តីសុខ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ “សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន” និងអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។

«ពិធីបួងសួងចម្រើនសេចក្តីសុខ» ដែលបានធ្វើឡើង កាលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវបានប្រារព្ធធ្វើនៅទីតាំងសំខាន់ចំនួន៣ រួមមាន៖ ១. ទីសក្ការៈព្រះអង្គចេកព្រះអង្គចម ២.តំបន់អភិរក្សអង្គរ និងនៅ ៣.ប្រាសាទអង្គរតូច។
ពិធីនេះ រៀបចំឡើងក្នុងគោលបំណងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ បារមីព្រះអង្គចេក-ព្រះអង្គចម បារមីគ្រប់ព្រះអង្គនៅក្នុងទីឋានអភិរក្សអង្គរ ដួងវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ មហាបុព្វបុរសដូនតាខ្មែរ ដួងព្រលឹងមេទ័ពតូច-ធំ សូមប្រោះព្រំព្រះរាជាណាចក្រកម្ពុជាឱ្យមានសុខសន្តិភាព ជាតិសុខសាន្តត្រាណ រីកចម្រើននិងអភិវឌ្ឍជាលំដាប់ ចៀសឆ្ងាយពីសត្រូវឈ្លានពាន យាយីទាំងឡាយ ជាពិសេសគឺសូមតាមថែរក្សាពុកម៉ែ អ៊ំពូមីង បងប្អូនប្រជាជនកម្ពុជាគ្រប់ៗរូប រួមទាំងវីរកងទ័ពទាំងអស់មានសុខភាពល្អបរិបូរណ៌ មានសុខសុវត្ថិភាព រស់នៅប្រកបរបររកទទួលទានមានបាន និងសូមជួបតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លៀតក្នុងឱកាសដែលប្រជាជនកម្ពុជាទូទាំងប្រទេសកំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌ “លោកជំទាវបណ្ឌិត” ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានគោរពជូនពរបងប្អូនជនរួមជាតិខ្មែរ សូមធ្វើដំណើរគ្រប់ទិសទីប្រកបដោយសុខសុវត្ថិភាព ទៅដល់គោលដៅ និងត្រឡប់មកដល់ផ្ទះវិញដោយស្នាមញញឹមផងដែរ៕ អត្ថបទ៖ ហ្សាលីន




