ឧកញ៉ា ស្រី ចាន់ថន ផ្ញើលិខិតផ្លូវការជូន ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ប្រកាសផ្តល់ទីតាំងដីជួលដល់រោងចក្រជប៉ុន ដោយមិនគិតថ្លៃ រយៈពេល១០ឆ្នាំ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ស្រី ចាន់ថន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជេតស៍ គ្រុប នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានផ្ញើលិខិតផ្លូវការជូនដល់ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ប្រកាសផ្តល់ទីតាំងដីជួលដល់វិនិយោគិនជប៉ុន សម្រាប់សាងសង់រោងចក្រជប៉ុន ដោយមិនគិតថ្លៃ រយៈពេល១០ឆ្នាំ នៅតំបន់អភិវឌ្ឍន៍ 9NG Group Co., Ltd។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈខ្លឹមសារលិខិត ឧកញ៉ា ស្រី ចាន់ថន បានលើកឡើងថា លោកតែងកោតសរសើរ និងសូមអរគុណយ៉ាងជ្រាលជ្រៅដល់ស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា ដែលតែងតែមានសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយរាជរដ្ឋាភិបាលកម្ពុជា និងធ្វើឱ្យរីកចម្រើនខ្ពស់លើគ្រប់វិស័យ។

កន្លងមក រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់អនុសាសន៍ដល់បណ្តាក្រុមហ៊ុនកូនខ្មែរនានា ឱ្យយកចិត្តទុកដាក់ខ្ពស់ និងមានទំនាក់ទំនងល្អជាមួយក្រុមហ៊ុននៅក្រៅប្រទេស ដែលបានមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ សព្វថ្ងៃនេះ លោកឧកញ៉ា មើលឃើញថាមានវិនិយោគិនជប៉ុនជាច្រើន ដែលបានមកវិនិយោគនៅក្នុងប្រទេសកម្ពុជារួចហើយ និងមានវិនិយោគិនជប៉ុនជាច្រើនទៀត មានបំណងមកវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។

ដូច្នេះហើយ ដើម្បីសម្រួលដល់អ្នកវិនិយោគស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល និងក្នុងនាមក្រុមហ៊ុនកូនខ្មែរ សូមគោរពជូនដំណឹងដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាថា ក្រុមហ៊ុនមានទីតាំងដីជួលដែលអាចផ្តល់ឱ្យបណ្តាក្រុមហ៊ុនជប៉ុននៅប្រទេសថៃ ដែលមានបំណងចង់ផ្លាស់ប្តូរទីតាំងមកវិនិយោគនៅប្រទេសកម្ពុជាវិញ។ ម្យ៉ាងទៀត ប្រជាជនកម្ពុជា តែងតែមានជំនឿទុកចិត្តខ្ពស់ទៅលើផលិតផលរបស់ប្រទេសជប៉ុន និងគាំទ្រយ៉ាងលើសលុប។

សូមជម្រាបថា រដ្ឋាភិបាលជប៉ុន និងរាជរដ្ឋាភិបាលកម្ពុជា តែងមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នា។ ជាក់ស្តែង ថ្មីៗនេះ ពោលគឺកាលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់(ឥតសំណង)ដែលមានទឹកប្រាក់សរុបប្រមាណ ១,៨ លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។

ក្នុងកិច្ចសហប្រតិបត្តិការនេះដែរ ជប៉ុនអនុវត្តនូវជំនួយមនុស្សធម៌ដូចជា ការចែកសម្ភារៈចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ និងជម្រកបណ្តោះអាសន្នជាដើម តាមរយៈអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) ផងដែរ៕