អ្នកឧកញ៉ា គិត ម៉េង សម្ពោធធនាគារ វីង សាខាបឹងត្របែក និងសាខាព្រះយុគន្ធរ ដំណើរការ ៧ថ្ងៃ ក្នុងមួយសប្តាហ៍

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ បានកាត់ខ្សែបូសម្ពោធសាខាធនាគារ វីង (ខេមបូឌា) ម.ក ថ្មីចំនួន២ ទីតាំងបន្ថែមទៀត នៅក្នុងទីក្រុងភ្នំពេញ គឺធនាគារ វីង សាខាបឹងត្របែក និងធនាគារ វីង សាខាព្រះយុគន្ធរ។ វត្តមានរបស់ធនាគារ វីង (ខេមបូឌា) ម.ក ដែលទើបតែសម្ភោធដាក់ឱ្យដំណើរការនេះ នឹងផ្តល់នូវជម្រើសកាន់តែច្រើនបន្ថែមទៀត សម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ និងដើម្បីបំពេញតម្រូវការធនាគារ ក៏ដូចជាហិរញ្ញវត្ថុរបស់អតិថិជនទាំងអស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីដ៏ឱឡារឹកនេះ ក៏មានការចូលរួមរបស់លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា, អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏ដូចជាឥស្សរជនកិត្តិយសជាច្រើនរូបទៀត។

ថ្លែងក្នុងកម្មវិធីសម្ពោធសាខាធនាគារវីងទាំង ២ទីតាំងនេះដែរ លោក រ័ត្ន សុវណ្ណនរៈ មានប្រសាសន៍ថា សាខាទាំងពីររបស់ធនាគារវីងនេះ ផ្តល់សេវាធនាគារពេញលេញ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច ចាប់ពីពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ ដោយផ្តល់ជូនអតិថិជននូវភាពងាយស្រួល និងឆាប់រហ័ស ក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ដែលមានគុណភាពខ្ពស់របស់ធនាគារ វីង ទោះបីជានៅថ្ងៃចុងសប្តាហ៍ក៏ដោយ។

បន្ថែមពីនេះ លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារ វីង បានថ្លែងថា «ធនាគារ វីង ផ្តល់ជូននូវបណ្តាញ និងឱកាសសម្រាប់អតិថិជនដែលចូលចិត្តបច្ចេកវិទ្យាឌីជីថល និងអតិថិជនសម័យឌីជីថលឲ្យរស់នៅ ក្នុងជីវភាពបែបឌីជីថល តាមរយៈការប្រើប្រាស់កម្មវិធី Wing Bank App»។

ជាមួយទីតាំងទាំង ៨សាខា របស់ធនាគារ វីង អតិថិជនអាចដាក់ប្រាក់ និងដកប្រាក់បាននៅគ្រប់សាខាទូទាំងប្រទេស ក៏ដូចជាអាចស្នើសុំឥណទាន និងដាក់មូលប្បទានបត្រ ពីធនាគារណាមួយក៏បាន ដោយមិនគិតថ្លៃ។ កាន់តែពិសេស នៅធនាគារ វីង អតិថិជនអាចពិគ្រោះជាមួយបុគ្គលិកផ្នែកឥណទានអាជីវកម្ម ដែលមានជំនាញវិជ្ជាជីវៈដើម្បីបើកគណនី ស្នើសុំកាតធនាគារ ផ្ទេរប្រាក់ និងចូលប្រើធនាគារឌីជីថល ក៏ដូចជាសេវាកម្មជាច្រើនទៀតដែលមាន។

ធនាគារ វីង សាខាវិមានឯករាជ្យ និងធនាគារ វីង សាខាសែនសុខ ក្នុងរាជធានីភ្នំពេញ ត្រូវបានបើកដំណើរការនៅក្នុងខែមីនា ហើយធនាគារ វីង សាខាខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែសីហា ខណៈដែលធនាគារ វីង សាខាវត្តភ្នំ និងធនាគារ វីង សាខាទួលគោក ក្នុងរាជធានីភ្នំពេញទាំងពីរ ត្រូវបានបើកនៅថ្ងៃទី៣០ ខែសីហា។

ធនាគារ វីង សាខាបឹងត្របែក មានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ ៤៣២ ទល់មុខ ស្ថានទូតវៀតណាម ចំណែកធនាគារ វីង សាខាព្រះយុគន្ធរ ស្ថិតនៅតាមបណ្តោយមហាវិថី ព្រះសីហនុ ជាប់នឹងទូរគមនាគមន៍កម្ពុជា។ គ្រប់សាខាទាំងអស់ត្រូវបានរចនាយ៉ាងស្អាត ដោយមានចំណតរថយន្តធំទូលាយ កន្លែងរង់ចាំ ហាងកាហ្វេ និងបន្ទប់ប្រជុំពិសេស។

បុគ្គលិកដែលមានជំនាញវិជ្ជាជីវៈ និងយកចិត្តទុកដាក់របស់ធនាគារ វីង នៅរងចាំស្វាគមន៍ជានិច្ច ហើយត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបរាល់ចម្ងល់ផ្សេងៗរបស់អតិថិជន ព្រមទាំងមានសេវាកម្មដែលមាន គុណភាពខ្ពស់ផ្តល់ជូននៅតាមបញ្ជរនានាដែលត្រូវបានរចនាឡើងដើម្បីធានានូវភាពងាយស្រួល និងឯកជនភាព នៅពេលអតិថិជនមកកាន់សាខាទាំងនេះ ដើម្បីបំពេញតម្រូវការធនាគារប្រចាំថ្ងៃរបស់ពួកគេ។

ក្រៅពីការបើកសាខាថ្មីទាំង២នេះ ធនាគារ វីង ក៏បានដាក់ឲ្យដំណើរការនូវកម្ចី វីងឌីជីថលឡូន របស់ខ្លួនផងដែរ ដែលអនុញ្ញាតឲ្យអតិថិជនជាបុគ្គលម្នាក់ៗ និងជាម្ចាស់អាជីវកម្មខ្នាតតូច អាចស្នើសុំប្រាក់កម្ចីរហូត ដល់៥០,០០០ដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ទាបរហូតដល់១ភាគរយក្នុងមួយខែ តាមរយៈកម្មវិធី Wing Bank App ដោយមិនចាំបាច់ទៅសាខាធនាគារណាមួយ ដោយផ្ទាល់ក៏បាន៕

លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារ វីង