ក្រុមហ៊ុន បុរីពិភពថ្មី អ្នកឧកញ៉ា ហុង ពីវ ឧបត្ថម្ភថវិកា ៥០លានរៀល ក្នុងមួយគ្រួសារ ដល់វីរៈកងទ័ព ២០រូប

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន បុរីពិភពថ្មី របស់អ្នកឧកញ៉ា ហុង ពីវ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានប្រគល់ប្រាក់ឧបត្ថម្ភ ៥០លានរៀល ក្នុងមួយគ្រួសារ ជូនដល់វីរៈកងទ័ពកម្ពុជា ចំនួន ២០រូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក អ្នកឧកញ៉ា ហុង ពីវ នៅព្រឹកថ្ងៃចន្ទនេះ បានបង្ហាញ​រូបភាពប្រគល់ទទួល​ប្រាក់​សុទ្ធ​ជូនដល់ដៃវីរៈកងទ័ពចំនួន ២០រូប ដោយភ្ជាប់ជាមួយសារបែបនេះថា៖ “ក្រុមហ៊ុន បុរីពិភពថ្មី បានឧបត្ថម្ភ​ដល់វីរៈកងទ័ពទាំង ២០នាក់ ក្នុងម្នាក់ៗទទួលបានប្រាក់ចំនួន ៥០ លានរៀល”។

វីរៈកងទ័ពចំនួន ២០រូប ដែលទទួលបានថវិកាឧបត្ថម្ភពី អ្នកឧកញ៉ា ហុង ពីវ ខាងលើនេះ គឺជាវីរៈកងទ័ពកម្ពុជា ដែល​ត្រូវបានកងទ័ពថៃ ចាប់ខ្លួនធ្វើជាចំណាប់ខ្មាំង កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ក្រោយមកពួកគេ បានសម្រេចដោះលែងកងទ័ពខ្មែរ ចំនួន២រូបមកវិញ កាលពីថ្ងៃទី១ សីហា។ ចំណែកកងទ័ពខ្មែរ ចំនួន ១៨រូបទៀត ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ កាលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រោយស្ថិតក្រោមការ​ឃុំគ្រ​ងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃ។

សូមជម្រាបថា អ្នកឧកញ៉ា ហុង ពីវ អគ្គនាយក បុរីពិភពថ្មី កាលថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២៥ បានប្រកាសជា​សាធារណថានឹងជួយឧបត្ថម្ភក្នុងមួយគ្រួសារចំនួន ៥០ លានរៀល ដល់គ្រួសារវីរកង​ទ័ពខ្មែរ ចំនួន ២០រូប ដែល​ត្រូវបានភាគី ថៃ ចាប់ខ្លួន។ ជាមួយគ្នានេះ កាលដើមខែធ្នូ ឆ្នាំ២០២៥ អ្នកឧកញ៉ា ក៏បានប្រកាសចូលរួមឧបត្ថម្ភ​ថវិកាចំនួន ២លានដុល្លារ (១លានដុល្លារ ដល់កងទ័ពជួរមុខ និង១លាន​ដុល្លារ ដល់ជនភៀសសឹក តាមរយៈ​សម្តេចតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រកម្ពុជា​ផងដែរ៕