យោងតាមរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយថា ចិន និសហរដ្ឋអាមេរិក ថ្មីៗនេះ បានឈានដល់កិច្ចព្រមព្រៀងជាក្របខ័ណ្ឌមួយ ដើម្បីបន្តរក្សាទុក TikTok នៅទឹកដីអាមេរិក ស្របពេលថ្នាក់ដឹកនាំប្រទេសទាំងពីរ គ្រោងនឹងជួបប្រជុំគ្នា នៅថ្ងៃសុក្រខាងមុខ ដើម្បីបញ្ចប់វាទាំងស្រុង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Bessent បាននិយាយនៅក្នុងកិច្ចប្រជុំមួយក្នុងទីក្រុងម៉ាឌ្រីដប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី១៥ ខែកញ្ញាថា៖” ប្រធានាធិបតី លោក ដូណាល់ ត្រាំ គឺជាអ្នកដើរតួយ៉ាងសំខាន់ក្នុងរឿងនេះ។ យើងបានទូរស័ព្ទទៅកាន់ប្រធានធិបតី ហើយទទួលបានការណែនាំជាក់លាក់ បន្ទាប់មកបានយកមកជជែកពិភាក្សាជាមួយភាគីចិន”។
គួរឲ្យដឹងថា អ្នកការទូតអាមេរិក និងចិនកំពុងជួបប្រជុំគ្នានៅទីក្រុងម៉ាឌ្រីដក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីពាណិជ្ជកម្ម និងបញ្ហាផ្សេងៗទៀត។ លោក Bessent បាននិយាយមុននេះថា TikTok គឺជាប្រធានបទចម្បងនៃកិច្ចប្រជុំ។ លោកកំពុងដឹកនាំគណៈប្រតិភូអាមេរិកក្នុងការចរចាបញ្ចប់លើរឿងនេះ។
ជម្រាបជូនថា ចាប់តាំងពីចូលកាន់តំណែងមក លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិម្តងហើយម្តងទៀត ដើម្បីពន្យាពេលកំណត់សម្រាប់ ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ដើម្បីលក់អាជីវកម្មរបស់ខ្លន នៅសហរដ្ឋអាមេរិក។ យោងតាមកាលបរិច្ឆេទចុងក្រោយ ByteDance ត្រូវបានបង្ខំឱ្យដកខ្លួនចេញពី TikTok នៅអាមេរិក ឬមួយត្រូវបិទចោលទាំងស្រុង បន្ទាប់ពីថ្ងៃទី១៧ ខែកញ្ញា ដែលជាពេលវេលាកំណត់ចុងក្រោយ៕

