ទីបំផុត អាមេរិក និងចិន ឈានដល់កិច្ចព្រមព្រៀងបន្តរក្សាទុក TikTok នៅទឹកដីអាមេរិក

អន្តរជាតិ

យោងតាមរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយថា ចិន និសហរដ្ឋអាមេរិក ថ្មីៗនេះ បានឈានដល់កិច្ចព្រមព្រៀងជាក្របខ័ណ្ឌមួយ ដើម្បីបន្តរក្សាទុក TikTok នៅទឹកដីអាមេរិក ស្របពេលថ្នាក់ដឹកនាំប្រទេសទាំងពីរ គ្រោងនឹងជួបប្រជុំគ្នា នៅថ្ងៃសុក្រខាងមុខ ដើម្បីបញ្ចប់វាទាំងស្រុង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Bessent បាននិយាយនៅក្នុងកិច្ចប្រជុំមួយក្នុងទីក្រុងម៉ាឌ្រីដប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី១៥ ខែកញ្ញាថា៖” ប្រធានាធិបតី លោក ដូណាល់ ត្រាំ គឺជាអ្នកដើរតួយ៉ាងសំខាន់ក្នុងរឿងនេះ។ យើងបានទូរស័ព្ទទៅកាន់ប្រធានធិបតី ហើយទទួលបានការណែនាំជាក់លាក់ បន្ទាប់មកបានយកមកជជែកពិភាក្សាជាមួយភាគីចិន”។

គួរឲ្យដឹងថា អ្នកការទូតអាមេរិក និងចិនកំពុងជួបប្រជុំគ្នានៅទីក្រុងម៉ាឌ្រីដក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីពាណិជ្ជកម្ម និងបញ្ហាផ្សេងៗទៀត។ លោក Bessent បាននិយាយមុននេះថា TikTok គឺជាប្រធានបទចម្បងនៃកិច្ចប្រជុំ។ លោក​កំពុង​ដឹកនាំ​គណៈប្រតិភូ​អាមេរិក​ក្នុង​ការ​ចរចា​បញ្ចប់លើរឿងនេះ។

ជម្រាបជូនថា ចាប់តាំងពីចូលកាន់តំណែងមក លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិម្តងហើយម្តងទៀត ដើម្បីពន្យាពេលកំណត់សម្រាប់ ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ដើម្បីលក់អាជីវកម្មរបស់ខ្លន នៅសហរដ្ឋអាមេរិក។ យោងតាមកាលបរិច្ឆេទចុងក្រោយ ByteDance ត្រូវបានបង្ខំឱ្យដកខ្លួនចេញពី TikTok នៅអាមេរិក ឬមួយត្រូវបិទចោលទាំងស្រុង បន្ទាប់ពីថ្ងៃទី១៧ ខែកញ្ញា ដែលជាពេលវេលាកំណត់ចុងក្រោយ៕​