កូនប្រុសច្បងប្រធានក្រុមហ៊ុន Samsung ស្ម័គ្រចិត្តចូលបម្រើយោធាកូរ៉េខាងត្បូង

អន្តរជាតិ

កូនប្រុសច្បងរបស់ប្រធានក្រុមហ៊ុន Samsung Electronics​ លោក Lee Jae-yong ត្រូវបានគេរាយការណ៍ថា បានស្ម័គ្រចិត្តចូលបម្រើយោធាក្នុងប្រទេសកូរ៉េខាងត្បូង ដោយចូលរួមនៅក្នុងកម្មវិធីបណ្តុះបណ្តាលមន្ត្រីកងទ័ពជើងទឹក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Lee Ji-ho បច្ចុប្បន្នវ័យ ២៤ឆ្នាំ ជាកូនប្រុសច្បងរបស់លោក Lee Jae-yong ដែលជាប្រធានក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Samsung បានមលដល់សាលា Naval Academy ក្នុងស្រុក Jinhae ខេត្ត South Gyeongsang កាលពីថ្ងៃទី១៥ ខែកញ្ញា ដើម្បីចាប់ផ្តើមកាតព្វកិច្ចបម្រើយោធារបស់ខ្លួន។

កងទ័ពជើងទឹកកូរ៉េខាងត្បូងបាននិយាយថា Ji-ho នឹងចូលបម្រើយោធាជាកម្មាភិបាលនៅក្នុងថ្នាក់ទី១៣៩ ដែលជាថ្នាក់សម្រាប់និស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ។ Ji-ho នឹងឆ្លងកាត់ការហ្វឹកហ្វឺនរយៈពេល ១១ សប្តាហ៍នៅសាលា មុនពេលត្រូវបានដំឡើងឋានៈជាអនុសេនីយ៍ទោនៅថ្ងៃទី១ ខែធ្នូ។ កាតព្វកិច្ចបម្រើយោធារបស់ Ji-ho ត្រូវបានគេរំពឹងថានឹងមានរយៈពេលសរុប ៣៩ខែ។

គួរឲ្យដឹងថា Ji-ho កើតនៅឆ្នាំ២០០០ នៅសហរដ្ឋអាមេរិក ជាកូនប្រុសច្បងរបស់លោក Lee Jae-yong និងលោកស្រី Lim Se-ryeong ដែលជាអនុប្រធានក្រុមហ៊ុន Daesang Group ។ Ji-ho បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Columbia ហើយមានសញ្ជាតិពីរ កូរ៉េខាងត្បូងផង និងអាមេរិកផង។

ជម្រាបជូនថា ការសម្រេចចិត្តរបស់ Ji-ho ក្នុងការលះបង់សញ្ជាតិអាមេរិករបស់ខ្លួន និងជ្រើសរើសចូលបម្រើយោធា ត្រូវបានប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បុង ចាត់ទុកថាជាការសម្រេចចិត្តដ៏កម្រមួយ៕​