សភាអាមេរិក អនុម័តថវិកាចំនួន ៧០ពាន់លានដុល្លារ ដើម្បីបន្តរឹតបន្តឹងលើអន្តោប្រវេសន៍

អន្តរជាតិ

សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានអនុម័តសេចក្តីព្រាងច្បាប់ថវិកាចំនួន ៧០ពាន់លានដុល្លារ ដើម្បីអនុញ្ញាតឲ្យរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អនុវត្តច្បាប់អន្តោប្រវេសន៍ ក្រោយពីទទួលបានការយល់ព្រមដូចគ្នា ពីព្រឹទ្ធសភា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីព្រាងច្បាប់អនុវត្តអន្តោប្រវេសន៍ត្រូវបានអនុម័តនៅក្នុងសភាតំណាងរាស្ត្រអាមេរិកនៅថ្ងៃទី៩ ខែមិថុនា ដោយមានសំឡេងគាំទ្រចំនួន ២១៤ និងប្រឆាំងចំនួន ២១២។ ឯកសារនេះនឹងផ្តល់មូលនិធិដល់ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ (ICE) និងភ្នាក់ងារគយ និងការពារព្រំដែន (CBP) សម្រាប់អាណត្តិដែលនៅសល់របស់ប្រធានាធិបតី ត្រាំ។

ព្រឹទ្ធសភាអាមេរិកក៏បានអនុម័តសេចក្តីព្រាងច្បាប់នេះកាលពីសប្តាហ៍មុនផងដែរ ដោយមានសំឡេងគាំទ្រចំនួន ៥២ និងប្រឆាំងចំនួន ៤៧។ សមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យទាំងអស់បានបោះឆ្នោតប្រឆាំងនឹងសេចក្តីព្រាងច្បាប់នេះ។ បន្ទាប់ពីត្រូវបានអនុម័តដោយសភា សេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅប្រធានាធិបតី ត្រាំ ដើម្បីចុះហត្ថលេខាឱ្យចូលជាធរមាន។

គួរជម្រាបជូនផងដែរថា ចលនាថ្មីចុងក្រោយនេះ បានបង្ហាញពីការបញ្ចប់នៃការប្រឈមមុខដាក់គ្នាអស់រយៈពេលជាច្រើនខែនៅក្នុងសភាសហរដ្ឋអាមេរិកលើការផ្តល់មូលនិធិសម្រាប់ការអនុវត្តច្បាប់អន្តោប្រវេសន៍ និងតំណាងឱ្យជ័យជម្នះដ៏សំខាន់មួយសម្រាប់ប្រធានាធិបតី ដូណាល់ ត្រាំ លើបញ្ហានយោបាយសំខាន់ៗមួយចំនួនរបស់លោក មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិត្រូវធ្វើឡើងនៅខែវិច្ឆិកា៕​