ជាលើកដំបូងហើយសម្រាប់ប្រទេសចិន ដែលបានឃើញចំនួនមនុស្សចាស់អាយុ ៦៥ឆ្នាំឡើង កើនឡើងលើសកុមារដែលមានអាយុក្រោម ១៥ឆ្នាំ ដែលកំពុងតែដាក់សម្ពាធកាន់តែខ្លាំងឡើងលើសន្តិសុខសង្គម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។

យោងតាមការស្ទង់មតិប្រជាជនចិនដែលដកស្រង់ដោយ SCMP នៅថ្ងៃទី២៦ ខែឧសភា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ ប្រជាជនដែលមានអាយុ ៦៥ឆ្នាំឡើងទៅ នឹងមានចំនួន ១៥,៨៧% នៃចំនួនប្រជាជនសរុបរបស់ប្រទេសចិនប្រហែល ១,៤ពាន់លាននាក់។ ទន្ទឹមនឹងនេះ ក្រុមកុមារដែលមានអាយុ ០-១៤ឆ្នាំនឹងមាន ១៥,២៥%។
គួរឲ្យដឹងផងដែរថា នេះជាលើកដំបូងហើយដែលប្រទេសចិនបានកត់ត្រាសមាមាត្រមនុស្សចាស់ច្រើនជាងកុមារ គិតចាប់តាំងពីឆ្នាំ១៩៤៩ មក នៅពេលដែលប្រទេសនេះបានចាប់ផ្តើមស្រង់ស្ថិតិប្រជាជន។
យ៉ាងណាមិញ អ្នកជំនាញជឿជាក់ថា ការផ្លាស់ប្តូរនេះកំពុងឆ្លុះបញ្ចាំងពីបន្ទុកសេដ្ឋកិច្ច និងសង្គមកើនឡើងនៅក្នុងប្រទេសចិន ដោយសារអត្រាកំណើតទាប និងចំនួនប្រជាជនវ័យចំណាស់កើនឡើងក្នុងពេលដំណាលគ្នា។
គួរជម្រាបជូនថា ជុំវិញបញ្ហានេះ រដ្ឋាភិបាលរបស់ប្រទេសចិន កំពុងពង្រីកគោលនយោបាយគាំទ្រកំណើតរបស់ខ្លួន រួមទាំងយុទ្ធនាការកសាងទីក្រុង និងកន្លែងធ្វើការសម្រាប់គ្រួសារ ក៏ដូចជាប្រាក់ឧបត្ថម្ភសម្រាប់គូស្វាមីភរិយាដែលមានកូន ផងដែរ៕

