ទោះឈានដល់វ័យ ៩៥ឆ្នាំ តែបិតាវិនិយោគ Warren Buffett នៅបន្តធ្វើការ ៥ថ្ងៃក្នុងមួយសប្តាហ៍

អន្តរជាតិ

នៅក្នុងលិខិតមួយផ្ញើទៅកាន់ម្ចាស់ភាគហ៊ុនក្រុមហ៊ុន Berkshire Hathaway នាពេលថ្មីនេះ បិតាវិនិយោគ Warren Buffett បានធ្វើការចែករំលែកអំពីស្ថានភាពសុខភាពរបស់លោក ហើយបានបង្ហាញថាលោកនៅតែអាចទៅការិយាល័យជារៀងរាល់ថ្ងៃ ដើម្បីស្វែងរកគំនិតថ្មីៗ សម្រាប់ក្រុមហ៊ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NY Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងលិខិតនោះ លោក Buffett បានសរសេរថា ៖” ខ្ញុំមានការភ្ញាក់ផ្អើលចំពោះសុខភាពរបស់ខ្ញុំនៅតែមានភាពល្អប្រសើរ។ ទោះបីជាខ្ញុំដើរយឺតជាងមុន ហើយការអានរបស់ខ្ញុំកាន់តែពិបាកក៏ដោយ ប៉ុន្តែខ្ញុំនៅតែអាចទោការិយាល័យ ៥ថ្ងៃក្នុងមួយសប្តាហ៍ ហើយធ្វើការជាមួយមនុស្សល្អៗ”។

គួរឲ្យដឹងថា មហាសេដ្ឋីលំដាប់កំពូលរបស់អាមេរិករូបនេះ តែងតែបន្តចែករំលែកអំពីស្ថានភាពសុខភាព អាយុ និងដំណើរការរយៈពេល ៦ ទសវត្សរបស់លោក ដែលបានដឹកនាំក្រុមហ៊ុន Berkshire ចាប់តាំងពីជាក្រុមហ៊ុនវាយនភណ្ឌតូចមួយ​ ឲ្យក្លាយទៅជាក្រុមហ៊ុនវិនិយោគចម្រុះដែលមានតម្លៃទីផ្សារដល់ទៅជាង ១ទ្រីលានដុល្លារ។

លោក Buffett បាននិយាយទៀតថា លោកនៅតែចង់បន្តរួមចំណែកជាគំនិតមានប្រយោជន៍ដល់ក្រុមហ៊ុន នៅក្នុងវ័យ ៩៥ឆ្នាំនេះ ដោយជឿថាលោកនៅតែអាចនាំមកនូវកិច្ចព្រមព្រៀងដែលមានមនុស្សតិចតួចណាស់អាចធ្វើវាបានសម្រាប់ក្រុមហ៊ុន។

ជម្រាបជូនផងដែរថា បើតាមការចុះផ្សាយពី Forbes បច្ចុប្បន្ន លោក Buffett មានទ្រព្យសម្បត្តិសរុបជាង ១៤៨ពាន់លានដុល្លារ ដោយភាគច្រើនទទួលបានពីការកាន់កាប់ភាគហ៊ុនច្រើនជាងគេ នៅក្នុងក្រុមហ៊ុន Berkshire៕​