លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ការដែលកងកម្លាំងចម្រុះរបស់ភាគីថៃយកច្បាប់អាជ្ញាសឹកនិងច្បាប់ក្នុងស្រុករបស់ថៃមកអនុវត្តក្នុងដែនអធិបតេយ្យរបស់កម្ពុជា គឺជាការបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យកម្ពុជា និងច្បាប់អន្តរជាតិ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៥:៣០នាទីរសៀល កងកម្លាំងចម្រុះរបស់ភាគីថៃ រួមមានកម្លាំងតម្រួតព្រំដែន ទាហានប៉ារ៉ា ទាហានឈុតខ្មៅ នគរបាល និងប្រជាពលរដ្ឋស្រុកគោកធ្យូង ចំនួនប្រហែល៣០០នាក់ មានអាវុធគ្រប់ដៃ និងមានឧបករណ៍សម្រាប់ទប់ស្កាត់បាតុកម្ម ខ្លះទៀតមានកាន់ ជំពាមកៅស៊ូ បានចូលមកធ្វើសកម្មភាពរាយបន្លាលួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លុះដល់ម៉ោង១៦:២០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងចម្រុះរបស់ភាគីថៃបានប្រើប្រាស់ រថយន្តបំពាក់ឧបករណ៍បំពងសំឡេង និងកាំភ្លើងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកមកលើកងកម្លាំង និងប្រជាពលរដ្ឋកម្ពុជា ក្រោយពីក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានចុះសង្កេតការណ៍ ហើយទើបតែបានចាកចេញពីទីតាំងនោះមិនបានប៉ុន្មាននាទីផង។
អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា នៅក្នុងហេតុការណ៍នេះផងដែរ កងកម្លាំងយោធា និងក្រុមប៉ូលីសបង្ក្រាបបាតុកម្មរបស់ថៃបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រដាស់ត្រចៀក និងប្រព័ន្ធខួរក្បាល ព្រមទាំងបានបង្កអំពើហិង្សាទៅលើប្រជាពលរដ្ឋខ្មែរ ដោយបានប្រើប្រាស់ឧបករណ៍បង្ក្រាបបាតុកម្ម និងបាញ់ជំពាមកៅស៊ូគ្រាប់ឃ្លី ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋ និងព្រះសង្ឃយើងចំនួន ២៨អង្គ/នាក់ ដួលសន្លប់ និងរងរបួស ធ្ងន់ និងស្រាល។
ក្រសួងការពារជាតិ ចាត់ទុកទង្វើរបស់កងកម្លាំងចម្រុះរបស់ភាគីថៃ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើស្មារតីនៃបទឈប់បាញ់ និងគោលការណ៍ទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នា នៅក្នុងកិច្ចប្រជុំGBCនិងRBCទាំងអស់កន្លងមក។ ជាងនេះទៅទៀត ការយកច្បាប់អាជ្ញាសឹកនិងច្បាប់ក្នុងស្រុករបស់ថៃមកអនុវត្តក្នុងដែនអធិបតេយ្យរបស់កម្ពុជា គឺជាការបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យកម្ពុជា និងច្បាប់អន្តរជាតិ ក្នុងនោះរួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ និងគោលការណ៍ច្បាប់ដែលទទួលស្គាល់ជាសកលដទៃទៀត។
ក្រសួងការពារជាតិ ស្នើឱ្យភាគីថៃគោរពឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវស្មារតីនៃបទឈប់បាញ់ ក៏ដូចជា ការព្រមព្រៀងទាំងឡាយនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) និងកិច្ចប្រជុំគណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) ដែលបានប្រព្រឹត្តទៅដោយជោគជ័យជាបន្តបន្ទាប់ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន ជាពិសេសការព្រមព្រៀងគ្នាដូចមានចែងនៅក្នុងកំណត់ហេតុរួម នៃកិច្ចប្រជុំពិសេស លើកទី១របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង។
ជាមួយគ្នានោះ ក្រសួងការពារជាតិ ស្នើឱ្យភាគីថៃចៀសវាងសកម្មភាពទាំងឡាយណាដែលនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះ ដោយខិតខំធ្វើយ៉ាងណាបង្កបរិយាកាសអំណោយ ផលដល់ការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក្នុងនោះរួមទាំងការ ព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបាន នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ(GBC) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) ទាំងអស់ឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន។ ឆ្លៀតក្នុងឱកាសនេះ កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយ ភាគីថៃនៅគ្រប់កម្រិត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ សម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនយើងទាំងពីរ៕

