ក្នុងកម្មវិធីផ្គូរផ្គងកសិពាណិជ្ជកម្ម រវាងក្រុមហ៊ុននៅក្នុងវិស័យកសិកម្មជាង២០មកពីប្រទេសឥណ្ឌា ជាមួយក្រុមហ៊ុននឹងនៅក្នុងស្រុក កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនឥណ្ឌាចាប់អារម្មណ៍ចង់សិក្សាស្វែងយល់ពីសក្តានុពលសម្រាប់ការនាំចេញនាំចូលកសិផលពីប្រទេសទាំងសងខាងនិងពិនិត្យលទ្ធភាពក្នុងការវិនិយោគលើការកែច្នៃនៅក្នុងស្រុក ជាពិសេសការនាំចេញគ្រាប់ស្វាយចន្ទីពីប្រទេសកម្ពុជាទៅកាន់ប្រទេសឥណ្ឌា ស្របពេលដែលឥណ្ឌាមានតម្រូវការនាំចូលគ្រាប់ស្វាយចន្ទីក្នុងបរិមាណធំ និងភាគច្រើននាំចូលពីបណ្តាប្រទេសអាហ្វ្រិកក្នុងពេលកន្លងមក។ នេះបើតាមការឱ្យដឹងពីលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា ឥណ្ឌាចង់ពិនិត្យមើលលទ្ធភាពពាក់ព័ន្ធនឹងការនាំចេញអង្ករ កម្ពុជាកំពុងសិក្សាពីលទ្ធភាពនៃការនាំចេញស្វាយចន្ទីនិងការនាំចេញអង្ករ គ្រឿងទេសមួយចំនួនទៀតដូចជាម្សៅល្មៀតជាដើម។
លោកបន្តថា នេះជាឱកាសប៉ុន្តែក្នុងចំណោមឱកាសដែលយើងពិនិត្យមើលទាំងអស់ ឱកាសធំជាងគេពាក់ព័ន្ធស្វាយចន្ទី ដោយសារឥណ្ឌាជាប្រទេសផលិតស្វាយចន្ទីច្រើនជាងគេមួយនៅលើពិភពលោក ហើយឥណ្ឌាក៏ជាអ្នកនាំចូលស្វាយចន្ទីធំជាងគេនៅលើពិភពលោកផងដែរ។ បច្ចុប្បន្ននេះឥណ្ឌានាំចូលស្វាយចន្ទីជាច្រើនពីប្រទេសអាហ្វ្រិក ដូច្នេះលទ្ធភាពធំណាស់សម្រាប់ប្រទេសកម្ពុជាដែលយើងមានស្វាយចន្ទីប្រហែលជា១លានតោនក្នុងមួយឆ្នាំ។
លោកបន្ថែមថា កន្លងមកទីផ្សាររបស់យើងមានច្រើន ហើយយើងមិនទាន់មានច្រើនពីប្រទេសឥណ្ឌាទេ ដោយសារឥណ្ឌានាំចូលច្រើន។ លោកថា បើការងារនេះអាចធ្វើទៅបានវានឹងផ្តល់ជាប្រយោជន៍សម្រាប់កសិកររបស់យើងជាពិសេសអ្នកមានចំការស្វាយចន្ទី។
លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា អ្វីដែលយើងធ្វើមិនទាន់បានល្អនៅឡើយគឺយើងមិនទាន់បានកែច្នៃមុនធ្វើការនាំចេញ ដែលធ្វើឱ្យសេដ្ឋកិច្ចជាតិមិនអាចទទួលបានតម្លៃបន្ថែមច្រើន។ តែទោះបីជាយ៉ាងណា រាជរដ្ឋាភិបាលជាពិសេសសម្តេចធិបតីបានជំរុញការកែច្នៃស្វាយចន្ទីតាមរយៈការគម្រោងដាក់ឱ្យមាននូវកសិឧស្សាហកម្មស្វាយចន្ទី ដោយយកខេត្តកំពង់ធំប្រែឱ្យក្លាយជាសួនឧស្សាហកម្មស្វាយចន្ទីដំធំចំណុចកណ្តាលរបស់កម្ពុជា ដែលអាចឱ្យកម្ពុជាឈានទៅប្រែក្លាយជាប្រទេសអធិរាជស្វាយចន្ទីនាពេលខាងមុខ៕




