កម្ពុជា-អាល្លឺម៉ង់ នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការបញ្ជូនកម្មសិក្សាការីបន្ថែមទៀត ដើម្បីឱ្យសិក្ខាកាមមានឱកាសទៅធ្វើកម្មសិក្សា និងកម្មសិក្សាឆ្លាស់នៅអាល្លឺម៉ង់កាន់តែច្រើន។ នេះបើយោងតាមជំនួបពិភាក្សារវាង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Christoph Weigelmeier ភារធារីស្តីទីនៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា និងលោកបណ្ឌិត Christoph Hoffmann អតីតសមាជិកសភាអាល្លឺម៉ង់ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។


ភាគីទាំងពី បានផ្តោតលើកិច្ចពិភាក្សាស្វែងរកឱកាសបង្កើតគំនិតផ្តួចផ្តើមដែលគាំទ្រដល់ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលរួមមានទាំងសិក្ខាកាម ដែលអាចមានឱកាសទៅធ្វើកម្មសិក្សា និងកម្មសិក្សាឆ្លាស់នៅអាល្លឺម៉ង់ឱ្យកាន់ច្រើនបន្ថែមទៀត។
នាឱកាសនោះ លោក ហេង សួរ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍជំនាញកម្លាំងពលកម្ម ខណៈលោកក៏បានរំឮកផងដែរពីប្រវត្តិដ៏យូរអង្វែង និងសមិទ្ធផលនានារបស់អាល្លឺម៉ង់ ដែលបានជួយជ្រោមជ្រែងដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជានាពេលកន្លងមក។
បន្ថែមពីនេះ លោករដ្ឋមន្រ្តី បញ្ជាក់ថា ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) គឺជាសសរស្តម្ភដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយកម្លាំងពលកម្មឱ្យមានជំនាញខ្ពស់ តាមរយៈការធ្វើទំនើបកម្មជំនាញ និងការបណ្តុះបណ្តាលជំនាញថ្មីឱ្យស្របតាមការវិវត្តនៃឧស្សាហកម្ម។
ចំណែកភាគីអាល្លឺម៉ង់ បានលើកឡើងពីគំនិតផ្តួចផ្តើម បង្កើតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបញ្ជូនកម្មសិក្សាការី ដោយបានសង្កត់ធ្ងន់ថា យន្តការនេះត្រូវផ្អែកលើគោលការណ៍ «ឈ្នះ-ឈ្នះ» ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ទាំងសម្រាប់ប្រទេសបញ្ជូន និងប្រទេសទទួល។
តាមរយៈជំនួបពិភាក្សាខាងលើផងដែរ ក្រសួងការងារ ក៏បានបង្ហាញជំហរត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួង ក្នុងការសហការជាមួយសាលាវិជ្ជាជីវៈអាល្លឺម៉ង់ ដើម្បីជ្រើសរើសគ្រឹះស្ថានសិក្សាសមស្របនៅកម្ពុជា ក្នុងគោលដៅបង្កើតភាពជាដៃគូ និងគាំទ្រដំណើរការជ្រើសរើសសិក្ខាកាមឱ្យមានតម្លាភាពផងដែរ៕ អត្ថបទ៖ហ្សាលីន


