កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ អ្នកឧកញ៉ា ហេង បូរិន សមាជិកសកម្ម នៃសមាគមឧកញ៉ាកម្ពុជា បានបង្ហាញខ្លួនជាចូលជាសមាជិកក្រុមប្រឹក្សាភិបាលថ្មី នៃសមាគមឧកញ៉ាកម្ពុជា ជាផ្លូវការ។

ពិធីប្រកាសបង្ហាញខ្លួននេះ បានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលពេញអង្គ លើកទី១០ អាណត្តិទី១ ត្រីមាសទី៣ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានអង្គប្រជុំ ដោយមានវត្តមានចូលរួមពីសំណាក់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ដែលជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមចំនួន ៣៩រូប។
គួរបញ្ជាក់ថា សម្រាប់អាណត្តិទី១នេះ សមាគមឧកញ៉ាកម្ពុជា មានសមាជិកក្រុមប្រឹក្សាភិបាលសរុបចំនួន ៥៣រូប។
អ្នកឧកញ៉ា ហេង បូរិន គឺជាសមាជិកសកម្ម នៃសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ និងតំណាងភាគហ៊ុនិកនៃក្រុមហ៊ុន ដែលវិនិយោគលើវិស័យហិរញ្ញវត្ថុនិងធនាគារ បច្ចេកវិទ្យា អចលនទ្រព្យ អភិវឌ្ឃន៍លំនៅដ្ឋាន និងដឹកជញ្ជូន។
បច្ចុប្បន្ន ក្រុមហ៊ុនរបស់អ្នកឧកញ៉ា បានផ្ដល់ការងារជាច្រើន ដែលជាការរួមចំណែកបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋក្នុងសង្គម។ អ្នកឧកញ៉ា គឺជាធុរជនពោរពេញដោយបទពិសោធ និងវិជ្ជាជីវៈខ្ពស់ ដែលបានប្រឡូកក្នុងវិស័យខាងលើអស់រយៈពេលជាច្រើនឆ្នាំ។ លើសពីនេះ អ្នកឧកញ៉ាអាចប្រើប្រាស់ភាសាខ្មែរ និងអង់គ្លេសយ៉ាងស្ទាត់ជំនាញ និងបានបញ្ចប់ការសិក្សាអនុបណ្ឌិតផ្នែកគ្រប់គ្រងផងដែរ។
ក្រៅពីការងារធុរកិច្ច នាពេលកន្លងមក អ្នកឧកញ៉ាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារសង្គម និងសប្បុរសធម៌នានា តាមរយៈការបរិច្ចាគជួយគាំទ្រជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់៕




