ថៃ ច្រានចោលព័ត៌មានដែលថាលោក ថាក់ស៊ីន រៀបចំពិធីជប់លៀងហូបភីហ្សានៅក្នុងគុក

អន្តរជាតិ

នាយកដ្ឋានកែតម្រូវរបស់ប្រទេសថៃ ថ្មីៗនេះ​ បានចេញមុខច្រានចោលជុំវិញរបាយការណ៍ដែលលើកឡើងថាអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទិញភីហ្សាចែកជូនសម្រាប់ឆ្មាំ និងអ្នកទោសចំនួន ៦ ៥០០ នាក់ ដើម្បីធ្វើពិធីជប់លៀង នៅក្នុងពន្ធនាគារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យរងនៃនាយកដ្ឋានកែតម្រូវថៃ លោកស្រី Kanokwan Jiewchuaphan បាននិយាយកាលពីថ្ងៃទី១៧ ខែកញ្ញាថា លោក ថាក់ស៊ីន មិនបានទិញភីហ្សា សម្រាប់ឆ្មាំ និងអ្នកទោសដើម្បីជប់លៀង នៅក្នុងពន្ធនាគារកណ្តាល Klong Prem ដែលជាកន្លែងលោកកំពុងអនុវត្តទោស នោះឡើយ។

យ៉ាងណាមិញ ជុំវិញសេចក្តីថ្លែងការណ៍នេះ គឺត្រូវបានធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងព័ត៌មានដែលចេញផ្សាយដោយអតីតសមាជិកសភា លោក Watchara Phettong ដែលបានចោទប្រកាន់ទៅលើលោក ថាក់ស៊ីន កាលពីសប្តាហ៍មុនថា លោកបានបញ្ជាឲ្យគេទិញយកនំភីហ្សារៀបចំពិធីជប់លៀង សម្រាប់ឆ្មាំ និងអ្នកទោសចំនួន ៦ ៥០០ នាក់ ក្នុងគោលបំណងអ្នកទទួលបានឥទ្ធិពល នៅក្នុងពន្ធនាគារនោះ។ លោក Phettong បានបន្ថែមទៀតថា ចំនួនទឹកប្រាក់ដែលលោក ថាក់ស៊ីន បានចំណាយលើការទិញភីហ្សាទាំងនោះ គឺលើសពីទឹកប្រាក់ឧបត្ថម្ភប្រចាំថ្ងដែលត្រូវបានអនុញ្ញាតសម្រាប់អ្នកទោស។

ទន្ទឹមនឹងនេះ លោកស្រី Kanokwan បាននិយាយថា វាគ្រាន់តែការយល់ច្រលំប៉ុណ្ណោះ ដោយពន្យល់ថា តាមពិតទៅមានមនុស្សមានចិត្តបុណ្យមួយចំនួន បានទិញភីហ្សា កាលពីថ្ងៃទី១៣ ខែកញ្ញា ដើម្បីចែកឲ្យប៉ូលិស និងប៉ូលិសចរាចរណ៍ រួមទាំងសន្តិសុខ នៅតាមផ្លូវនៅមុខពន្ធនាគារ។ ស្របពេលលោក Padej Ringrod ដែលជាប្រធានគុក Klong Prem បានបញ្ជាក់ទៀតថា ភីហ្សាទាំងនោះមិនជាប់ពាក់ពន្ធជាមួយ លោក ថាក់ស៊ីន នោះឡើយ៕​