ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានបង្ហើបឲ្យដឹងថា លោកបានស្នើឲ្យចក្រភពអង់គ្លេស ហាមឃាត់មិនឲ្យអភិបាលទីក្រុងឡុងដ៏ លោកSadiq Khan ចូលរួមក្នុងពិធីស្វាគមន៍ទទួលលោកនោះឡើយ បន្ទាប់ពីធ្លាប់មានបញ្ហាចម្រូងចម្រាស់នឹងគ្នា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ដោយនិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មាន កាលពីថ្ងៃទី១៨ ខែកញ្ញា បន្ទាប់ពីបញ្ចប់ដំណើរទេស្សនកិច្ចផ្លូវរដ្ឋទៅកាន់ចក្រភពអង់គ្លេស លោក ត្រាំ បាននិយាយថា ៖”ខ្ញុំដឹងថាលោក Khan ចង់មកចូលរួមព្រឹត្តិការណ៍នោះ។ ប៉ុន្តែខ្ញុំមិនចង់ជួបគាត់ឡើយ។ ខ្ញុំគិតថាអភិបាលទីក្រុងឡុងដ៏ លោក Khan គឺជាអភិបាលក្រុងដ៏អាក្រក់បំផុត នៅលើពិភពលោក។ គាត់បានធ្វើការងារអន់ខ្លាំងណាស់”។
បើតាមប្រធានាធិបតីអាមេរិករូបនេះ បានបង្ហាញឲ្យដឹងថា ឧក្រិដ្ឋកម្មនៅក្នុងទីក្រុងឡុងដ៏ បានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនគួរឲ្យជឿ ក្រោមការគ្រប់គ្រងរបស់លោកអភិបាលក្រុង Khan ហើយលោក ត្រាំ ថែមទាំងបានសង្កត់ធ្ងន់ទៀតថា គោលនយោបាយបន្ធូបន្ថយសម្រាប់ជនអន្តោប្រវេសន៍របស់អភិបាលក្រុងរូបនេះ កំពុងធ្វើឲ្យក្លាយជាគ្រោះមហន្តរាយ។
ជម្រាបជូនផងដែរថា មុនពេលយន្តហោះដឹកប្រធានាធិបតីលោក ត្រាំ ចុះចតនៅអាកាសយានដ្ឋាន Stansted ក្បែរទីក្រុងឡុងដ៏ កាលពីថ្ងទី១៦ ខែកញ្ញា លោក Khan បានរិះគន់ចំៗទៅលើលោក ត្រាំ ចំពោះការលើកកម្ពស់ ការបែងចែក និងនយោបាយស្តាំនិយមនៅជុំវិញពិភពលោក។
មិនតែប៉ុណ្ណោះអភិបាលក្រុងឡុងដ៍រូបនេះក៏បានប្រឆាំងនឹងគោលនយោបាយរបស់លោក ត្រាំ ក្នុងការនិរទេសជនអន្តោប្រវេសន៍ ក៏ដូចជាការសម្រេចចិត្តដាក់ពង្រាយកងទ័ព ទៅកាន់ទីក្រុងជាច្រើនរបស់អាមេរិកដែលមានចំនួនជនអន្តោប្រវេសន៍ច្រើន ដោយនិយាយថា សកម្មភាពទាំងនេះគឺ បំពាននិងមិនស្របតាមតម្លៃរបស់លោកខាងលិច៕

