កាលពីរសៀលថ្ងៃសុក្រ ទី១៩ កញ្ញា ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជួបជាមួយក្រុមគ្រួសាររបស់វីរកងទ័ពកម្ពុជាទាំង ១៨រូប ដែលត្រូវបានចាប់ខ្លួន ដើម្បីសាកសួរសុខទុក្ខ និងបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាល ដែលបាន និងកំពុងធ្វើការយ៉ាងសកម្មលើគ្រប់យន្តការទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយក្នុងការការពារអាយុជីវិត, សេចក្តីសុខសុវត្ថិភាព និងព្យាយាមឱ្យដោះលែងកងកម្លាំងរបស់យើងទាំង ១៨នាក់នោះ វិលត្រឡប់មកវិញឱ្យបានឆាប់រហ័ស។

ក្នុងជំនួបនោះ សម្តេចធិបតីនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា មកដល់ពេលនេះមិនទាន់មានចម្លើយវិជ្ជមាននៅឡើយទេចំពោះការដោះលែងកងទ័ពកម្ពុជា តែទោះបីជាយ៉ាងណារាជរដ្ឋាភិបាលបន្តខិតខំ ដើម្បីរកវិធីឱ្យមានការដោះលែងដើម្បីឱ្យ មានសេរីភាពក្នុងពេលឆាប់ៗផងដែរ។
សម្តេចធិបតីបន្តថា រហូតមកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជាមិនបានភ្លេចយោធិកម្ពុជាទាំង១៨រូបដែលមិនទាន់បានវិលត្រឡប់មកមាតុប្រទេសវិញទេ រាល់ការជួបជុំជាមួយថ្នាក់ដឹកនាំធំៗសុទ្ធតែទាមទារឱ្យមានការដោះលែងជាបន្ទាន់នូវកងទ័ពមកវិញ។
សូមបញ្ជាក់ថា ថ្ងៃនេះជា ថ្ងៃទី៥៣ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ៕







