មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តក្រុមហ៊ុន/រោងចក្រធំៗចំនួនបួនរបស់ចិន ស្វែងរកឱកាសវិនិយោគបង្កើតរោងចក្រនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូនៃក្រុមការងារជំរុញការនាំចេញ ទៅបំពេញទស្សនៈកិច្ចសិក្សា និងពិភាក្សាការងារជាមួយក្រុមហ៊ុន/រោងចក្រធំៗចំនួនបួន នៅទីក្រុងវួយហ្វាង និងទីក្រុងលីនអ៊ី ខេត្តសានតុង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងដំណើរទស្សនៈកិច្ចសិក្សានោះ គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយតំណាងភាគីក្រុមហ៊ុន និងបានចុះទស្សនកិច្ចផ្ទាល់ពីខ្សែច្រវាក់ផលិតកម្មរបស់រោងចក្រ។ ក្នុងឱកាសនោះ ដោយមើលឃើញពីបទពិសោធន៍ និងភាពជោគជ័យអាជីវកម្មរបស់ក្រុមហ៊ុន លោក សំហេង បូរ៉ា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន/រោងចក្រធំៗចំនួនបួនខាងលើ ស្វែងរកឱកាសវិនិយោគបង្កើតរោងចក្រនៅកម្ពុជា ដើម្បីអាចចាប់យកការអនុគ្រោះនានា  ជាពិសេសក្នុងការបំពេញបន្ថែមទៅលើគុណភាពកែរឆ្នៃផលិតផលកម្ពុជាទៅកាន់ទីផ្សារពិភពលោក។

ជាលទ្ធផល ក្រុមហ៊ុនSunvim Group Co.,Ltd ដែលជាក្រុមហ៊ុនផលិតផលិតផលវាយនភណ្ឌគេហដ្ឋានខ្នាតធំរបស់ប្រទេសចិន សន្យាថានឹងទៅកាន់កម្ពុជាធ្វើការសិក្សាឱ្យបានស៊ីជម្រៅម្តងទៀត អំពីច្បាប់និងបទប្បញ្ញត្តិ ការប្រើប្រាស់កម្មករ និងលក្ខខណ្ឌនានា នៃការវិនិយោគបង្កើតរោងចក្រនៅកម្ពុជា ដោយកន្លងមកក្រុមហ៊ុនធ្លាប់បានសិក្សានៅកម្ពុជារួចមកហើយ។ ចំណែកឯក្រុមហ៊ុនSinoer Menswear Co., Ltd., ដែលជារោងចក្រកាត់ដេរសម្លៀកបំពាក់ដ៏ល្បីរបស់ប្រទេសចិន ក៏មានបំណងទៅសិក្សា និងស្វែងរកឱកាសវិនិយោគបង្កើតរោងចក្រនៅកម្ពុជាផងដែរ ដើម្បីអាចនាំចេញផលិតផលទៅកាន់ទីផ្សារនានា។

សូមបញ្ជាក់ថា ក្រុមហ៊ុន/រោងចក្រធំៗចំនួនបួន នៅទីក្រុងវួយហ្វាង និងទីក្រុងលីនអ៊ី ខេត្តសានតុង សាធារណរដ្ឋប្រជាមានិតចិន រួមមាន៖ ១-រោងចក្រផលិតផលិតផលវាយនភណ្ឌSunvim Group Co.,Ltd, ២-រោងចក្រកាត់ដេរសម្លៀកបំពាក់Sinoer Menswear Co., Ltd., ៣-រោងចក្រផលិតប្រេងសណ្តែកShandong Jinsheng Grain and Oil Food Co.,Ltd និង៤-រោងចក្រផលិតប្រេងឆាShandong Yuhuang Grain and Oil Food Co.,Ltd៕