កម្ពុជា និងខេត្តអៃឈិ នៃប្រទេសជប៉ុន រួមគ្នាធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរបន្ថែម

សង្គម​ និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងដំណើរទស្សនកិច្ចការងារចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ២០២៥ និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន បានជួបពិភាក្សាការងារជាមួយលោក Hideaki Ōmura  អភិបាលខេត្តអៃឈិ (Aichi Prefecture) អំពីការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ថ្មីៗ បន្ថែមទៀតរវាងប្រទេសកម្ពុជា និងខេត្តអៃឈិ (Aichi Prefecture)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កាគូភាគីមានទស្សនៈរួមគ្នាថាទាំងប្រទេសកម្ពុជាជាតារាទើបនឹងរះពោរពេញដោយកាលានុវត្ត និងខេត្តអៃឈិ (Aichi Prefecture) ដែលមានសេដ្ឋកិច្ចនាំមុខគេមួយដែរក្នុងប្រទេសជប៉ុន ហើយសុទ្ធតែមានសក្តានុពលទេសចរណ៍ និងបេតិកភណ្ឌពិភពលោកដូចៗគ្នា ប្រពៃណីទំនៀមទម្លាប់គួរឱ្យចាប់អារម្មណ៍ ព្រមទាំងទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ជាង៧២ឆ្នាំ ហើយដែលត្រូវបានតម្លើងកម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ គឺពិតជាកត្តាជួយបំពេញបន្ថែមគ្នាទៅវិញទៅមក ដើម្បីរួមគ្នាជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន និយាយជារួម និងរវាងកម្ពុជា និងខេត្តអៃឈិ (Aichi Prefecture) រួមមានមានការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដល់ប្រជាជននៃគោលដៅទេសចរណ៍ទាំងពីរ ការពិនិត្យលទ្ធភាពរៀបចំព្រឹត្តការណ៍ជំរុញទេសចរណ៍ ការជំរុញជើងហោះហើរត្រង់ ដើម្បីឱ្យមានកំណើនការធ្វើទេសចរណ៍កើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

សូមបញ្ជាក់ដែរថា សម្រាប់រយៈពេល ៧ខែ ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣,៧១ លាននាក់។ នៅក្នុងឆ្នាំ២០២៥នេះ កម្ពុជា បង្ហាញការរំពឹងថានឹងស្វាគមន៍ភ្ញៀវ​ទេសចរអន្តជាតិប្រមាណ ​៧,៥ លាននាក់ ដែលនឹង​បង្កើតចំណូល​ចូល​សេដ្ឋកិច្ចជាតិ ប្រមាណ​​ជាង​៥ពាន់លានដុល្លារ​ផងដែរ៕