ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទទួលបានរោងចក្រផលិតក្រដាសកាតុង តម្លៃជាង ១៤ លានដុល្លារអាមេរិក នាពេលខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចុះបញ្ជីគម្រោងនេះរួចរាល់ហើយ។

យោងតាមហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលចុងសប្តាហ៍ បានប្រកាស ចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតក្រដាសកាតុង ក្នុងទំហំទុនវិនិយោគប្រមាណ ១៤,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៧២តកន្លែង។
គម្រោងវិនិយោគបង្កើតរោងចក្រផលិតក្រដាសកាតុង តម្លៃ ១៤,១លានដុល្លារអាម៉េរិកនេះ បានចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ កាលទី៣ ខែកញ្ញា ឆ្នាំ២០២៥។គម្រោងរោងចក្រនេះដែរ គឺមានទីតាំងស្ថិតនៅភូមិច្រកបានសុខ ឃុំខ្ញុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយវិនិយោគដោយ ក្រុមហ៊ុន RONGFA PAPER INDUSTRY CO., LTD.។
សូមរម្លឹកថា កាលពីឆ្នាំ២០២៤ កម្ពុជាសម្រេចទទួលបានគម្រោងចំនួន៤១៤គម្រោង ដែលមានទុនប្រមាណ ៦,៩ពាន់លានដុល្លារ កើនឡើង៤០% បើធៀបនឹងឆ្នាំ២០២៣។ ដោយឡែក ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៤៩១គម្រោង មានទុន ៧,២ពាន់លានដុល្លារ ដោយរំពឹងថាចំនួនគម្រោងវិនិយោគនៅឆ្នាំ២០២៥នេះនឹងកើនឡើងជាបន្តបន្ទាប់បន្ថែមទៀតដែលអាចបង្កើតការងារបានជាង ៤០ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ៕ អត្ថបទ៖ហ្សាលីន


