ចិន បន្តងាកទៅទិញសណ្តែកសៀងរបស់អាហ្សង់ទីន ជំនួសឲ្យទំនិញរបស់អាមេរិក

អន្តរជាតិ

ប្រទេសចិន កាលពីពេលថ្មីៗនេះ​ ត្រូវបានគេរាយការណ៍ថា បានបញ្ជាទិញសណ្តែកសៀងរបស់ប្រទេសអាហ្សង់ទីនយ៉ាងហោចណាស់ ១០ កប៉ាល់ បន្ទាប់ពីប្រទេសនេះ ប្រកាសដកពន្ធនាំចេញលើទំនិញប្រភេទនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការដកពន្ធរបស់អាហ្សង់ទីននេះ បានធ្វើឲ្យសណ្តែកសៀងរបស់ខ្លួនកាន់តែមានការប្រកួតប្រជែងខ្លាំង ដែលជំរុញឲ្យឈ្មួញនៅចិន ចាប់ផ្តើមប្រមូលទិញដើម្បីស្តុកទុកសម្រាប់ត្រីមាសទី៤។ ពីមុនសណ្តែកសៀងរបស់អាមេរិក គ្រប់គ្រងទីផ្សាររបស់ចិនទាំងស្រុង ប៉ុន្តែឥឡូវនេះត្រូវបានជាប់គាំង ដោយសារតែសង្គ្រាមពាណិជ្ជកម្មដែលកំពុងបន្ត រវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន។

គួរឲ្យដឹងថាការនាំចេញរបស់អាហ្សង់ទីនទៅចិននេះ​ នឹងក្លាយជាផលប៉ះពាល់ថ្មីសម្រាប់កសិករអាមេរិក ដែលបានខាតបង់រាប់ពាន់លានដុល្លាររួចមកហើយ ក្នុងការលក់សណ្តែកសៀងទៅចិននៅឆ្នាំនេះ ខណៈពេលដែលការចរចាពាណិជ្ជកម្មដែលជាប់គាំង បង្ករឲ្យមានការរាំងស្ទះដល់ការនាំចេញ។

ជម្រាបជូនថា ចិន​ គឺជាប្រទេសនាំចូលសណ្តែកសៀងដ៏ធំបំផុតរបស់ពិភពលោក ប៉ុន្តែប្រទេសនេះ​មិនបានទិញសណ្តែកសៀងណាមួយពីសហរដ្ឋអាមេរិកនោះទេ ចាប់តាំងពីការប្រមូលផលនៅរដូវស្លឹកឈើជ្រុះមក។ កាលពីដើមខែនេះ ទីក្រុងប៉េកាំង បានបញ្ជាទិញប្រហែល ១៥% នៃតម្រូវការសណ្តែងសៀង ក្នុងខែវិច្ឆិការបស់ខ្លួន ដែលទាំងអស់គឺមកពីទ្វីបអាមេរិកខាងត្បូង៕​