អ្នកឧកញ៉ា ឧកញ៉ា ៣រូប ចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សានៃកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក»

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឧកញ៉ា ៣រូប នឹងចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សានៃកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកម្មវិធីខាងលើនេះ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន វើលដ៏ប្រីដ គ្រុប, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, ឧកញ៉ា ឃន ឈុនដារ៉ា អគ្គនាយកក្រុមហ៊ុន ខយ តេ កម្ពុជា និងលោក ជី សិលា សហស្ថាបនិក កសិដ្ឋានគិរីសួគ៌ស នឹងចូលរួមបង្ហាញវត្តមាន ព្រមទាំងចែករំលែកទស្សនៈ និងបទពិសោធន៍ ជុំវិញប្រធានបទ «កម្ពុជា៖ ទឹកដីប្រកបដោយសក្តានុពលនិងឱកាស (Cambodia: A Land of Opportunity)» នាវេលាម៉ោង០២:០០នាទីរសៀល ដល់ម៉ោង ០៣:៣០នាទីរសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។ នេះជាវេទិកាដ៏ល្អ ដែលផ្ដល់ឱកាសដល់អ្នកចូលរួមបានឈ្វេងយល់ និងទទួលបាននូវបទពិសោធថ្មីៗពីសំណាក់វាគ្មិន និងជាអ្នកជំនួញកំពុងលេចធ្លោរនៅកម្ពុជា។

សូមជម្រាបថា កម្មវិធីពិព័រណ៍ផលិតផលខ្មែរ រៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ២៧ និង ២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលពិព័រណ៍កោះពេជ្រ។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងធំៗដូចខាងក្រោម៖

១.ជាវេទិកាប្រមូលម្តុំ និងសម្រួចស្មារតីស្នេហាជាតិ រួមគ្នាជាសំឡេងតែមួយ បង្ហាញសមត្ថភាព និងសក្តានុពលរបស់កម្ពុជា និងពួតដៃសាមគ្គីគ្នាជឿជាក់លើរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែន។

២.ជាវេទិកាចែករំលែកចំណេះដឹង បទពិសោធ និងទស្សនៈ ពីភាគីពាក់ព័ន្ធនានា ដើម្បីយល់ដឹងបន្ថែមពីផលប៉ះពាល់នៃស្ថានភាពបច្ចុប្បន្ន និងយល់កាន់តែស៊ីជម្រៅបន្ថែមនូវអ្វីដែលជាប្រយោជន៍ជាតិ ក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។

៣.ចូលរួមជំរុញ គាំទ្រ ការប្រើប្រាស់ផលិតផលក្នុងស្រុក ដែលជាកត្តាចាំបាច់ដើម្បីពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ក្រោមស្មារតី «ខ្មែរធ្វើបាន» បង្កើនឱកាសការងារសម្រាប់ប្រជាពលរដ្ឋខ្មែរ និងជំរុញចរន្តសេដ្ឋកិច្ចជាតិ។

៤.ផ្តល់ឱកាសដល់អាជីវករ ពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុកអាចតាំងបង្ហាញ និងផ្សព្វផ្សាយពីផលិតផលរបស់ខ្លួន និងធ្វើអន្តរកម្មជាមួយដៃគូអាជីវកម្ម៕