ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បាននិយាយថា លោកនឹងមិនចង់បន្តបៀបធៀបរុស្ស៊ីថាជាខ្លាក្រដាសទៀតនោះឡើយ ប៉ុន្តែលោកនៅតែជឿជាក់ថាទីក្រុងម៉ូស្គូកំពុងបន្តអូសបន្លាយជម្លោះដោយគ្មានប្រយោជន៍នៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT។

លោក ត្រាំ បាននិយាយកាលពីថ្ងៃទី២៥ ខែកញ្ញា អំពីជម្លោះរុស្ស៊ី-អ៊ុយក្រែន នៅពេលជួបជាមួយប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ថា៖” ខ្ញុំនឹងមិននិយាយថានរណាម្នាក់ជាខ្លាក្រដាសទៀតទេ ប៉ុន្តែរុស្ស៊ី បានចំណាយប្រាក់រាប់ពាន់លានដុល្លារលើគ្រប់បែក កាំជ្រួច គ្រាប់រំសេវ ហើយមនុស្សជាច្រើនបានស្លាប់”។
យ៉ាងណាមិញ ជុំវិញការលើកឡើងចុងក្រោយនេះបានកើតឡើង បន្ទាប់ពីមានការបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social កាលពីពីរថ្ងៃមុន ដោយប្រធានាធិបតីអាមេរិករូបនេះ បានសរសេរថា រុស្ស៊ីលែងជាមហាអំណាចនុយក្លេអ៊ែរដ៏ខ្លាំងក្លាទៀតហើយ ប៉ុន្តែបានក្លាយជា “ខ្លាក្រដាស” និង “ប្រយុទ្ធដោយគ្មានគោលដៅ” អស់រយៈពេលជាង ៣ឆ្នាំនៅក្នុងអ៊ុយក្រែន។
មិនតែប៉ុណ្ណោះលោក ត្រាំ ក៏បានផ្លាស់ប្តូរជំហររបស់លោកចំពោះសង្រ្គាមនៅអ៊ុយក្រែនវិញ ដោយនិយាយថាទីក្រុងគៀវអាចដណ្តើមយកទឹកដីទាំងអស់របស់ខ្លួនមកវិញ ហើយសង្តក់ធ្ងន់ទៀតថាទីក្រុងម៉ូស្គូ កំពុងប្រឈមមុខនឹងការលំបាកផ្នែកសេដ្ឋកិច្ចដ៏ធំ៕

