ផលិតផលខ្មែររាប់រយមុខបានដាក់តាំងបង្ហាញក្នុងពិព័រណ៍ផលិតផលខ្មែរ

សង្គម​ និង​សេដ្ឋកិច្ច

ផលិតផលក្នុងស្រុករាប់រយមុខមកពីគ្រប់វិស័យ បានត្រៀមរួចជាស្រេច ដើម្បីទទួលស្វាគមន៍បងប្អូនសាធារណជនមកចូលរួមទស្សនា នៅក្នុងកម្មវិធីពិព័រណ៍ថ្ងៃទី១ (២៦ កញ្ញា ២០២៥)នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ ក៏មានវត្តមានវាគ្មិនជាច្រើនរូប  នឹងចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សានៃកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» សម្រាប់វេទិកាជជែកពិភាក្សាលើប្រធានបទសំខាន់ៗ ដើម្បីផ្ដល់ចំណេះដឹង និងបទពិសោធថ្មីៗដល់អ្នកចូលរួមទាំងអស់គ្នាផងដែរ។

ទស្សនីយភាពដ៏ត្រជាក់ភ្នែក រួមទាំងចំណេះដឹងថ្មីៗពីកម្មវិធីពិព័រណ៍នេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ គឺនៅថ្ងៃទី ២៦ ២៧ និង២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលពិព័រណ៍កោះពេជ្រ (អគារ G-L)។

សូមជម្រាបថា កម្មវិធីពិព័រណ៍ផលិតផលខ្មែរ រៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងធំៗដូចខាងក្រោម៖

១.ជាវេទិកាប្រមូលម្តុំ និងសម្រួចស្មារតីស្នេហាជាតិ រួមគ្នាជាសំឡេងតែមួយ បង្ហាញសមត្ថភាព និងសក្តានុពលរបស់កម្ពុជា និងពួតដៃសាមគ្គីគ្នាជឿជាក់លើរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែន។

២.ជាវេទិកាចែករំលែកចំណេះដឹង បទពិសោធ និងទស្សនៈ ពីភាគីពាក់ព័ន្ធនានា ដើម្បីយល់ដឹងបន្ថែមពីផលប៉ះពាល់នៃស្ថានភាពបច្ចុប្បន្ន និងយល់កាន់តែស៊ីជម្រៅបន្ថែមនូវអ្វីដែលជាប្រយោជន៍ជាតិ ក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។

៣.ចូលរួមជំរុញ គាំទ្រ ការប្រើប្រាស់ផលិតផលក្នុងស្រុក ដែលជាកត្តាចាំបាច់ដើម្បីពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ក្រោមស្មារតី «ខ្មែរធ្វើបាន» បង្កើនឱកាសការងារសម្រាប់ប្រជាពលរដ្ឋខ្មែរ និងជំរុញចរន្តសេដ្ឋកិច្ចជាតិ។

៤.ផ្តល់ឱកាសដល់អាជីវករ ពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុកអាចតាំងបង្ហាញ និងផ្សព្វផ្សាយពីផលិតផលរបស់ខ្លួន និងធ្វើអន្តរកម្មជាមួយដៃគូអាជីវកម្ម៕