Barron Trump ដែលជាកូនប្រុសពៅរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេបានរាយការណ៍ថា មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបចំនួន ១៥០លានដុល្លារ ដោយភាគច្រើនទទួលបានពីការវិនិយោគនៅក្នុងវិស័យរូបិយប័ណ្ណគ្រីបតូ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yahoo News។

យោងតាមការចុះផ្សាយពីទស្សនាវដ្តី Forbes ថ្មីៗនេះបានធ្វើការវិភាគលើការវិនិយោគ និងប្រាក់ចំណូលរបស់សមាជិកគ្រួសាររបស់ប្រធានាធិបតីអាមេរិក លោក ត្រាំ ដោយបង្ហាញថា កូនៗរបស់លោក អាចរកប្រាក់ចំណូលបានយ៉ាងច្រើន ជាពិសេសពីការបណ្តាក់ទុននៅក្នុងវិស័យកាក់គ្រីបតូ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រៅប្រទេសផងដែរ។
គួរកត់សម្គាល់ថា កូនប្រុសពៅរបស់លោក ត្រាំ គឺ Barron Trump ដែលបច្ចុប្បន្នមានវ័យត្រឹម ១៩ឆ្នាំ ជានិស្សិតឆ្នាំទីពីរ នៅសាកលវិទ្យាល័យ New York នោះ ត្រូវបានប៉ាន់ប្រមាណថាមានទ្រព្យផ្ទាល់ខ្លួនប្រមាណ ១៥០លានដុល្លារ ឯណោះ។ លោក ត្រាំ ក៏ធ្លាប់អួតប្រាប់ផងដែរថា Barron គឺជាមនុស្សតែម្នាក់គត់ដែលបានគ្រួសារទាំងមូលឲ្យយល់ដឹងពីតម្លៃនៃរូបិយប័ណ្ណគ្រីបតូ។
ជម្រាបជូនផងដែរថា វិស័យគ្រីបតូនេះ ក៏ជាប្រភពចំណូលដ៏ធំបំផុត សម្រាប់បងប្អូនរបស់ Barron ពីរនាក់ផ្សេងទៀតផងដែរ ដោយ Trump Jr មានទ្រព្យសរុប ៥០០លានដុល្លារ និង Eric Trump មានទ្រព្យសម្បត្តិប្រមាណ ៧៥០លានដុល្លារ។ ដោយឡែកលោក ត្រាំ ដែលសមាជិកដែលមានបំផុតនៃគ្រួសារ បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ៧,៣ពាន់លានដុល្លារ៕

