ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាម បានបង្ហាញឲ្យដឹងកាលពីថ្ងៃទី២៩ ខែកញ្ញាថា លោកគ្រោងនឹងដាក់ពន្ធ ១០០% លើភាពយន្តដែលផលិតនៅបរទេសទាំងអស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញការប្រកាសនេះ ហាក់កំពុងបង្ហាញពីឆន្ទៈរបស់លោក ត្រាំ ក្នុងការពង្រីកគោលនយោបាយពាណិជ្ជកម្មគាំពារនិយមទៅក្នុងឧស្សាហកម្មវប្បធម៌របស់ខ្លួន ដោយបង្កើនភាពមិនច្បាស់លាស់សម្រាប់ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក ដែលពឹងផ្នែកខ្លាំងទៅលើប្រាក់ចំណូលអន្តរជាតិ និងការសហការផលិតឆ្លងដែន ជាដើម។
យ៉ាងណាមិញ ប្រធានាធិបតីអាមេរិក បានប្រកាសវិធានការថ្មីចុងក្រោយនេះ នៅលើបណ្តាញសង្គម Truth Social របស់ខ្លួន ដោយអះអាងថា ការផលិតភាពយន្តរបស់សហរដ្ឋអាមេរិកបច្ចុប្បន្នកំពុងតែបាត់បង់មូលដ្ឋានសម្រាប់ការប្រកួតប្រជែងអន្តរជាតិ។
តែទោះជាយ៉ាងណាក៏ដោយ ភ្លាមៗនោះ វានៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេថា តើលោក ត្រាំ នឹងប្រើច្បាប់ណាមួយដើម្បីដាក់ពន្ធគយនេះនៅឡើយនោះទេ ស្របពេលលោក ក៏ហាក់នៅមិនទាន់បានបញ្ជាក់អំពីព័ត៌មានលម្អិតពីរបៀប និងពេលវេលាក្នុងការអនុវត្តវានោះ ផងដែរ។
ជម្រាបជូនផងដែរថា ឧស្សាហកម្មភាពយន្តអាមេរិកបានកត់ត្រាអតិរេកពាណិជ្ជកម្ម ១៥,៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ដែលជំរុញដោយការលក់សំបុត្រចាក់បញ្ចាំងទៅកាន់ទីផ្សារអន្តរជាតិ ចំនួន ២២,៦ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ពីសមាគមខ្សែភាពយន្តអាមេរិក៕

