លោក Larry Ellison ដែលជាសហស្ថាបនិកក្រុមហ៊ុន Oracle និងជាមហាសេដ្ឋីមានបំផុតលំដាប់ទីពីររបស់ពិភពលោក ធ្លាប់បានសន្យាថា លោកនឹងយល់ព្រមលះបង់រហូតដល់ទៅ ៩៥% នៃទ្រព្យសម្បត្តិសរុបរបស់ខ្លួន។ នេះបើតាមការចុះផ្សាយផ្សាយពីសារព័ត៌មាន The American Bazar ។

បើតាម Bloomberg បានរាយការណ៍ថាទ្រព្យសម្បត្តិសរុបរបស់លោក Ellison ត្រូវបានប៉ាន់ប្រមាណថាមានចំនួនសរុប ៣៧៣ពាន់លានដុល្លារ ដែលភាគច្រើនទទួលបានពីការកាន់កាប់ភាគហ៊ុន ៤១% របស់លោក នៅក្នុងក្រុមហ៊ុន Oracle និងវិនិយោគនៅក្នុងក្រុមហ៊ុន Tesla។
យ៉ាងណាក៏ដោយ រំឮកទៅកាន់ឆ្នាំ២០១០ វិញ លោក Ellison នៅក្នុងនាមជាសមាជិកនៃអង្គការសប្បុរសធម៌ Giving Pledge ធ្លាប់បានសន្យាថាលោកនឹងបរិច្ចាគ ៩៥% នៃទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីចូលរួមនៅក្នុងសកម្មភាពជួយសង្គម។
គួរឲ្យដឹងផងដែរថា កន្លងមកសកម្មភាពសប្បុរសធម៌របស់លោក Ellison ភាគច្រើន ត្រូវបានបញ្ជូនតាមរយៈវិទ្យាស្ថានបច្ចកវិទ្យា Ellison (EIT) ដែលជាអង្គការរកប្រាក់ចំណេញ មានមូលដ្ឋាននៅសាកលវិទ្យាល័យ Oxford។ EIT ធ្វើការលើបញ្ហាប្រឈមជាសកលដូចជាការថែទាំសុខភាព ការប្រែប្រួលអាកាសធាតុ អសន្តិសុខអាហារ និងការស្រាវជ្រាវ AI ជាដើម។
ជម្រាបជូនថា ក្នុងពេលប៉ុន្មានឆ្នាំមកនេះ លោក Ellison បានធ្វើការបរិច្ចាកទឹកប្រាក់ច្រើនយ៉ាង។ លោក បានផ្តល់ប្រាក់ចំនួន ២០០លានដុល្លារដល់សាកលវិទ្យាល័យ Southern California ដើម្បីបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីក និងបរិច្ចាគប្រហែល ១ពាន់លានដុល្លារដល់មូលនិធិវេជ្ជសាស្ត្រ Ellison ដែលផ្តោតលើភាពចាស់ និងការការពារជំងឺ មុនពេលវាត្រូវបានបិទវិញ៕

