ភ្នំពេញ ទទួលបានគម្រោងរោងចក្រផលិតសម្ភារៈបំពាក់ និងតុបតែងរថយន្ត តម្លៃជាង៥លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងរោងចក្រផលិតសម្ភារៈបំពាក់ និងតុបតែងរថយន្ត តម្លៃជាង៥លានដុល្លារខណ្ឌពោធិ៍សែនជ័យ នឹងបោះទីតាំងនៅក្នុងរាជធានីភ្នំពេញ នាពេលខាងមុខនេះ ខណៈបច្ចុប្បន្នគម្រោងរោងចក្រនេះ ត្រូវបានរដ្ឋាភិបាលប្រកាសឱ្យចុះបញ្ជីរួចរាល់ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានប្រកាសចូលរួមអបអរសាទរដល់ប្រជាពលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈបំពាក់រថយន្ត និងតុបតែងរថយន្ត ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៥៥កន្លែង។

គម្រោងរោងចក្រនេះ ត្រូវបានចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ កាលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។គម្រោងនេះ រោងចក្រផលិតសម្ភារៈបំពាក់ និងតុបតែងរថយន្ត គឺមានទីតាំងស្ថិតនៅភូមិតិភូបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងវិនិយោគដោយក្រុមហ៊ុនPENG XIANG AUTO PRODUCTS CO., LTD.។

សូមរំលឹកថា ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៥ គឺ CDC សម្រេចចុះបញ្ជីគម្រោងវិនិយោគបានចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុប​ប្រមាណ ៧,២ ពាន់​លានដុល្លារ ខណៈចំនួនគម្រោងវិនិយោគបាន​កើនឡើងចំនួន ២០៤គម្រោង ស្មើនឹងប្រមាណ ៧១% និងទុនវិនិយោគបាន​កើនឡើងប្រមាណ ២,៥ ពាន់​លានដុល្លារ ស្មើនឹង​ប្រមាណ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕ អត្ថបទ៖ហ្សាលីន