សម្តេចតេជោ ហ៊ុន សែន ប្រកាសធ្វើគ្រូបង្វឹកកិត្តិយសដឹកនាំក្រុមបាល់ទាត់ Cambodia Football Super Stars នៅថ្ងៃទី១ ខែឧសភា

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤​នេះ បាន​ប្រកាស​​​​យល់​ព្រម​ធ្វើ​ជា​គ្រូ​បង្វឹក​កិត្តិយស​របស់​​ក្រុមបាល់ទាត់​តារា​កម្ពុជា (Cambodia Football Super Stars) ដែល​មាន​តារា​ចម្រៀង​ ខេម ជាប្រធាន​ក្រុម ហើយ​នឹង​ដឹកនាំ​ការ​ប្រកួត​​សប្បុរសធម៌​ដំបូង​ នៅ​​ល្ងាច ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ បាន​បង្ហោះសារ​លើ​ទំព័រហ្វេសប៊ុក នៅ​ព្រឹក​ថ្ងៃ​ព្រហ្បតិ៍​នេះ​ ​​​មាន​ខ្លឹមសារ​ដូច្នេះ​ថា៖ “ដោយទទួលបាននូវការ​អញ្ជើញ​ឲ្យធ្វើជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដែលមាន​អ្នក​ចម្រៀង ខេម​ ជាប្រធានក្រុម។ ព្រឹកនេះខ្ញុំបានជួបសំណេះសំណាល​ជាមួយគ្រូបង្វឹកនិងកីឡាករទាំងអស់ ដើម្បីរៀបចំ​ផែនការ​សម្រាប់សកម្មភាពមនុស្សធម៌រយៈពេលខ្លី មធ្យមនិងរយៈពេលវែងរបស់ក្រុមបាល់ទាត់មួយនេះ”។

សម្តេច​បាន​បន្ត​ទៀត​ថា៖ “អ្វីដែលជាកិច្ចការបន្ទាន់គឺការរៀបចំ ការប្រកួតល្ងាចថ្ងៃ ១ ឧសភា២០២៤ ខាងមុខនៅ​ពហុកីឡដ្ឋាន​អូឡាំពិក ក្រោមមូលបទ (រួមគ្នាដើម្បីសប្បុរសធម៌និងប្រយុទ្ធប្រឆាំងគ្រឿងញៀន) និង ដើម្បីប្រមូលថវិកា​ជួយដល់មន្ទីរពេទ្យ គន្ធបុប្ផា។ ខ្ញុំនឹងចូលរួមដឹកនាំការប្រកួតជាមួយ គ្រូបង្វឹកផ្លូវការនៅស្តាតអូឡាំពិកនា ល្ងាចថ្ងៃ ១ឧសភា ២០២៤ ដោយចាប់ផ្តើមនូវទម្រង់លេងរបស់ខ្ញុំគឺ 3.4.3។ សូមចូលរួមទស្សនាឲ្យបានច្រើនកុះករ​ដើម្បីជំរុញចលនា​មនុស្ស​ធម៌​និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

សូមអំពាវនាវសប្បុរសជនចូលរួមជួយថវិកា សម្រាប់ជួយដល់មន្ទីរពេទ្យ គន្ធបុប្ផា ដែលកំពុងត្រូវការសម្រាប់ ព្យាបាលដល់​កុមារកម្ពុជា។ សម្រាប់ខ្ញុំនិងភរិយានឹងចូលរួមចំនួន ២០០លានរៀល។

ក្នុងករណីបងប្អូនចង់ចូលរួមតាមរយៈ ខ្ញុំសូមទាក់ទងទៅលោក សៀង ទៀង ដែលមានលេខទូរស័ព្ទ ០១២ ៩៦១៩៧១»។

ក្រុមបាល់ទាត់ តារាកម្ពុជា Cambodia football super stars ទាំងអស់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រកួតមិត្តភាព​ស្វែងរកថវិការជួយដល់សង្គម ក្រោមក្រោមមូលបទ « រួមគ្នាដើម្បីសប្បុរសធម៍និងប្រយុទ្ធប្រឆាំងគ្រឿងញៀន »។ កុំភ្លេច​ចូលរួមទស្សនាការប្រកួតនេះឱ្យបានច្រើនកុះករ ដើម្បីផ្តល់ជាកម្លាំងចិត្តដល់កីឡាករទាំងអស់គ្នា៕