ការនាំចេញផលិតផលពីតំបន់សេដ្ឋកិច្ចពិសេសមានរហូតដល់ ២៣% ទៅ ២៥% នៃការនាំចេញសរុបរបស់កម្ពុជាលើទីផ្សារពិភពលោក

សង្គម​ និង​សេដ្ឋកិច្ច

ការនាំចេញផលិតផលពីតំបន់សេដ្ឋកិច្ចពិសេសមានរហូតដល់ ២៣% ទៅ ២៥% នៃការនាំចេញសរុបរបស់កម្ពុជាលើទីផ្សារពិភពលោកក្នុងរវាងឆ្នាំ ២០២២ ដល់ ២០២៤ កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងសិក្ខាសាលាស្តីពីការជំរុញការវិនិយោគបៃតងក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា កន្លងទៅថ្មីៗនេះ លោក សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងថា តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ជំរុញកំណើនឧស្សាហកម្មនិងការធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើតការងារ និងរួមបញ្ចូលកម្ពុជាទៅក្នុងខ្សែច្រវាក់តម្លៃសកល។ ជាការកត់សម្គាល់ ការនាំចេញផលិតផលពីតំបន់សេដ្ឋកិច្ចពិសេសមានរហូតដល់ ២៣% ទៅ ២៥% នៃការនាំចេញសរុបរបស់កម្ពុជាលើទីផ្សារពិភពលោកក្នុងរវាងឆ្នាំ ២០២២ ដល់ ២០២៤ កន្លងទៅ។

សូមបញ្ជាក់ថា គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានចំនួនសរុប៥៦ ប៉ុន្តែកំពុងដំណើរការមានតែ៣២ ប៉ុណ្ណោះ។ ៣២នោះ ខេត្តស្វាយរៀងមានចំនួន១២, នៅរាជធានីភ្នំពេញនិងខេត្តកណ្តាលចំនួន៦ , នៅខេត្តព្រះសីហនុចំនួន៥, នៅប៉ោយប៉ែត៣, នៅខេត្តកោះកុងចំនួន២ ពោធិសាត់១ កំពត១ នៅផ្លូវជាតិ៦Aចំនួន១ និងនៅខេត្តក្រចេះចំនួន១ ។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ធ្លាប់គូសបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសមិនត្រឹមតែចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យបើករោងចក្រ/សហគ្រាសនៅក្នុងប្រទេសកម្ពុជា និងជួយលើកកម្ពស់សមត្ថភាពនាំចេញទំនិញទៅទីផ្សារអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកផងដែរ។

តំបន់សេដ្ឋកិច្ចពិសេស កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទាក់ទាញ និងលើកទឹកចិត្តឱ្យអ្នកវិនិយោគចម្រុះជាតិសាសន៍ចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។ តំបន់សេដ្ឋកិច្ចពិសេស បានផ្តល់ការងារដល់ប្រជាជន និងរួមចំណែកយ៉ាងសំខាន់ដល់ចំណូលសេដ្ឋកិច្ច ។ លើសពីនេះតំបន់សេដ្ឋកិច្ចពិសេសដើរតួយ៉ាងសំខាន់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក។

សូមបញ្ជាក់ផងដែរថា កម្ពុជាមានច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់នេះ ដែលជំរុញ និងលើកទឹកចិត្តការវិនិយោគបៃតង ដែលរួមមានការវិនិយោគក្នុងវិស័យថាមពលបៃតង, បច្ចេកវិទ្យា ដែលរួមចំណែកដល់ការបន្សុំា និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ, ការគ្រប់គ្រង ការការពារបរិស្ថាន និងការអភិរក្សជីវៈចម្រុះ និងសេដ្ឋកិច្ចចក្រា ជាដើម៕