របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៦ខែនៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៨៧ ០៧០តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥០ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣។
ក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៨២ ៨៨៥ តោន គិតជាទឹកប្រាក់ចំនួន ១៤៣.៦៤ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១០២ ៥០៩ តោន គិតជាទឹកប្រាក់ចំនួន ៦០.២៥ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៧ ប្រទេសបានបរិមាណចំនួន ៥២ ៨៩០ តោន គិតជាទឹកប្រាក់ចំនួន ៣៧.០៩ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ៣២ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៤៨ ៧៨៥ តោន គិតជាទឹកប្រាក់ចំនួន ៤២.៤២ លានដុល្លារសហរដ្ឋអាមេរិក។

បើតាមសហព័ន្ធស្រូវអង្ករ ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៥% ប្រភេទអង្ករសគ្រាប់វែង ១៩.៦៨% អង្ករចំហ៊ុយ ២.៤៩% អង្ករសរីរាង្គចំនួន ២.១៣% និងអង្ករផ្សេងៗចំនួន ០.៧% ។
ជាមួយគ្នានេះផងដែរ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ១៧៦ ៥៦១ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៧៥៧.៤៩ លានដុល្លារសហរដ្ឋអាមេរិក ៕
