ចំណូលជាង៣១លានដុល្លារ គ្រឹះស្ថានអង្គរប្រមូលបានពីការលក់សំបុត្រដល់ភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គររយៈពេល៨ខែ

សង្គម​ និង​សេដ្ឋកិច្ច

រយៈពេល៨ខែ ឆ្នាំ២០២៥នេះ គ្រឹះស្ថានអង្គរប្រមូលចំណូលបានជាង៣១លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរ។ នេះបើតាមរបាយការណ៍គ្រឹះស្ថានអង្គរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍គ្រឹះស្ថានអង្គរបានឱ្យដឹងថា រយៈពេល៨ខែ ឆ្នាំ២០២៥នេះ ចំនួនភ្ញៀវទេសចរទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៦៦៩ ៦១៩នាក់ កើនឡើង២,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯចំណូលដែលទទួលបានរយៈពេល៨ខែនេះមានសរុប ៣១ ០៦៨ ៧៤៣ដុល្លារ កើនឡើង ២,៤២% បើធៀបនឹងឆ្នាំមុន។

ដោយឡែក សម្រាប់ខែសីហាវិញ ទេសចរទិញសំបុត្រមានចំនួន ៥០ ៨៤៨នាក់ ថយចុះ ២៤,៦៥% ប្រមូលចំណូលបាន ២ ៤២៥ ៣៣៦ដុល្លារ ថយចុះ ២៣,១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គួររម្លឹកដែរថា កាលពីឆ្នាំ២០២៤ គ្រឹះស្ថានអង្គរ បានលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន១ ០២៣ ៦៨៨នាក់ និងទទួលបានទឹកប្រាក់ចំនួន ៤៧ ៨២៦ ៩៨១ ដុល្លារ៕