នាឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ានឆ្នាំ២០២៥ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ លោក YB DATO Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ ម៉ាឡេស៊ី ដែលជាប្រធាននៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ានឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប លោក ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំទិវាទេសចរណ៍ពិភពលោក សន្និសិទទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ និងភាពជាអ្នកដឹកនាំរបស់លោក YB DATO Sri Tiong King Sing ដែលជាប្រធានកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ានឆ្នាំ២០២៥ ដោយព្រឹត្តិការណ៍អន្តរជាតិទាំងបីនេះបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពជោគជ័យ។
ជាមួយគ្នានោះផងដែរ កម្ពុជា និងម៉ាឡេស៊ី ក៏បានសហការរួមគ្នាជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើងថែមទៀត។
ទន្ទឹមនឹងនោះ ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី ក៏បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩។ ប្រធានស្ថាប័នជាតិទេសចរណ៍នៃប្រទេសទាំងពីរ ក៏បានរៀបចំកិច្ចប្រជុំក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ម៉ាឡេស៊ី លើកទី១ ដើម្បីអនុវត្តអនុស្សរណៈយោគយល់គ្នានេះឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ជាមួយនឹងការអបអរសាទរចំពោះការដាក់ចេញយុទ្ធនាការ «ទស្សនាម៉ាឡេស៊ី ឆ្នាំ២០២៦» រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ មានជំនឿយ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ កម្ពុជា និង ម៉ាឡេស៊ី នឹងកាន់តែលើកកម្ពស់បន្ថែមមួយកម្រិតទៀត ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ។
សូមបញ្ជាក់ជូនថា នៅឆ្នាំ២០២៤ ភ្ញៀវទេសចរម៉ាឡេស៊ី មកកម្ពុជា មានចំនួន ៩៤.២៦០នាក់ កើនឡើង ៧,៣%, ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ ដោយឡែកក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០២៥, ភ្ញៀវទេសចរម៉ាឡេស៊ី មានចំនួន ៦៦.២៩៨នាក់ កើនឡើង ៨,៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤៕


