គណៈប្រតិភូសភាពាណិជ្ជកម្មឥណ្ឌា(ICC) កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានចូលជួបពិភាក្សាការងារជាមួយមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលដឹកនាំដោយលោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម ដើម្បីស្វែងរកឱកាសវិនិយោគ និងធ្វើពាណិជ្ជកម្មលើវិស័យកសិកម្ម និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។


លោក ប្រាក់ ដាវីដ បានលើកឡើងថា កម្ពុជាមានកសិផលជាច្រើនដូចជា ស្រូវអង្ករ ស្វាយចន្ទី ដំឡូងមី ម្រេច គ្រឿងទេសមានគុណភាពខ្ពស់ ដែលនេះជាឱកាសល្អសម្រាប់អ្នកវិនិយោគឥណ្ឌាក្នុងការកែច្នៃ វេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាមួយនឹងការបង្កើតស្លាកយីហោ(Branding) ដែលជារឿងសំខាន់សម្រាប់ពាណិជ្ជកម្ម ប្រការសំខាន់កម្ពុជាចង់ប្រែក្លាយពីការនាំចេញវត្ថុធាតុដើម មកជាការនាំចេញផលិតផលសម្រេច ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។

អ្វីដែលពិសេសសម្រាប់អ្នកវិនិយោគឥណ្ឌា ដែលគួរតែសម្លឹងក្នុងការវិនិយោគនៅកម្ពុជាផងដែរនោះ គឺប្រទេសកម្ពុជា មានច្បាប់ស្តីពីការវិនិយោគ ដែលជួយគាំទ្រដល់រាល់វិនិយោគិនឱ្យទទួលបានអត្ថប្រយោជន៍ជាច្រើន និងក្របខណ្ឌច្បាប់ដែលអំណោយផលដល់ការវិនិយោគផងដែរ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានបើកចំពោះអ្នកវិនិយោគបរទេស ជាពិសេសលើវិស័យកសិកម្ម ដើម្បីពន្លឿនវិស័យសំខាន់នេះសម្រាប់កំណើនប្រកបដោយចីរភាព។ ការពង្រីកការវិនិយោគលើវិស័យកសិកម្ម គឺស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ជាពិសេសលើការកែច្នៃផលិតផលប្រកបដោយគុណភាពសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕
