ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជាពី ៦,១%មក ៤,៩%ក្នុងឆ្នាំ២០២៥និងពី ៦,២%មក៥,០%នៅឆ្នាំ២០២៦ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាមេរិក។

តែទោះជាបែបនេះក្តីធនាគារADB ក៏បានបង្ហាញថាកម្ពុជានូវរក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ច ហើយ ADBមានការរំពឹងទុកអំពីកំណើនរឹងមាំដល់ឆ្នាំ ២០២៦ ដែលជំរុញដោយការបន្តលូតលាស់នៃវិស័យឧស្សាហកម្ម និងលំហូរចូលជាបន្តបន្ទាប់នៃការវិនិយោគផ្ទាល់ពីបរទេស។
លោកស្រី Jyotsana Varma នាយិកា ADBប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា “សេដ្ឋកិច្ចបានបង្ហាញពីភាពធន់ក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ ។ កំណើនទាបជាងការរំពឹងទុកនៃថ្លៃម្ហូបអាហារ និងការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈ បានជួយបន្ទាបអតិផរណា ខណៈដែលសកម្មភាពឧស្សាហកម្មបន្តមានភាពរឹងមាំ។ នាពេលខាងមុខ វាមានឱកាសសម្រាប់ការបន្តងើបឡើងវិញនៃវិស័យសំណង់ និងទេសចរណ៍ ជាមួយនឹងកំណើនជាបន្តបន្ទាប់នៃវិស័យកសិកម្ម ដែលទាំងនេះបង្ហាញពីកំណើនប្រកបដោយតុល្យភាព និងនិរន្តរភាព”។
យោងតាមរបាយការណ៍សេដ្ឋកិច្ចរបស់ ADB ស្តីពីទស្សនវិស័យអភិវឌ្ឍន៍អាស៊ីក្នុងខែកញ្ញាឆ្នាំ២០២៥ អតិផរណាឆ្នាំលើឆ្នាំបានធ្លាក់ចុះខ្លាំងពី ៦,០%ក្នុងខែមករាមកត្រឹម ១,៦%ក្នុងខែមិថុនា។ អតិផរណាត្រូវបានរំពឹងថានឹងមានជាមធ្យមប្រម៉ាណ ២,0%ទាំងនៅក្នុងឆ្នាំ២០២៥និងឆ្នាំ២០២៦។

វិស័យឧស្សាហកម្មនឹងនៅតែជាម៉ាស៊ីនសេដ្ឋកិច្ចនាំមុខគេ។ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ បានកើនឡើង ២២,២%ឆ្នាំលើឆ្នាំសម្រាប់ឆមាសទីមួយឆ្នាំ២០២៥ ដែលមួយផ្នែកបានជំរុញដោយអ្នកទិញរបស់អាមេរិក ដែលបានបង្កើនការទិញទុកជាមុន ដោយក្តីបារម្ភពីការដំឡើងពន្ធលើការនាំចូលផលិតផលពីកម្ពុជា។ ទោះជាមានការប្រុងប្រយ័ត្នពីសំណាក់អ្នកនាំចូលរបស់អាមេរិកដោយ សារភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្មក៏ដោយ ក៏ផលិតកម្មក្នុងវិស័យកាត់ដេរ និងក្រៅពីវិស័យកាត់ដេរ ត្រូវបានរំពឹងថានឹងនៅតែរឹងមាំ ដោយសារភាពអំណោយផលនៃការបន្ថយពន្ធគយមក ១៩%របស់អាមេរិកលើការនាំចូលពីកម្ពុជា។

កំណើនវិស័យសេវាកម្មត្រូវបានរំពឹងថានឹងថមថយមកត្រឹម ២,៨%ក្នុងឆ្នាំ២០២៥និង ២,៦%ក្នុងឆ្នាំ ២០២៦។ វិស័យទេសចរណ៍បង្ហាញពីការបន្តងើបឡើងវិញនៅក្នុងឆមាសទីមួយឆ្នាំ២០២៥ជាមួយនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរពីសាធារណៈរដ្ឋប្រជាមានិតចិន។ ប៉ុន្តែភាពតានតឹងនៅតាមព្រំដែនជាមួយប្រទេសថៃដែលកំពុងបន្តកើតមាន នឹងរំខានដល់វិស័យទេសចរណ៍ និងសកម្មភាពនានាក្នុងវិស័យសេវាកម្មទូទៅនៅក្នុងឆមាសទីពីរនៃឆ្នាំនេះនិងពេលខាងមុខ។

វិស័យកសិកម្មត្រូវបានគេព្យាករថានឹងកើនឡើងប្រមាណ ១,១%ក្នុងឆ្នាំ២០២៥និង ២០២៦ជំរុញដោយតម្រូវការនាំចេញដែលកំពុងបន្តនិងការរំពឹងទុកពីការរួមចំណែករបស់កម្មករកសិកម្មដែលបាន ត្រឡប់មកពីប្រទេសថៃវិញក្នុងឆមាសទីពីរនៃឆ្នាំនេះ។ ការនាំចេញកសិផលបានកើនឡើង១៤,១%ឆ្នាំលើឆ្នាំនៅឆមាសទីមួយឆ្នាំ២០២៥ជំរុញដោយការនាំចេញគ្រាប់ស្វាយចន្ទី និងអង្ករ ដែលជួយប៉ះប៉ូវការធ្លាក់ចុះនៃការនាំចេញដំឡូងមី និងកៅស៊ូ៕

