ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង

សង្គម​និង​សេដ្ឋកិច្ច

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបំពេញទស្សនកិច្ចនៅតាមបណ្តាក្រុមហ៊ុនមួយចំនួនក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង កាលថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមទំព័រហ្វេសប៊ុកផេកផ្ទាល់ខ្លួន លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការតាមដាន ពិនិត្យមើលវឌ្ឍនភាពនៃការអភិវឌ្ឍថ្មីៗ ការស្វែងយល់អំពីឱកាសព្រមទាំងបទពិសោធន៍ការងាររបស់ក្រុមហ៊ុនមួយចំនួនដែលវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ក៏ដូចជាដើម្បីបង្កើនការយកចិត្តទុកដាក់ និងពង្រឹងផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយវិនិយោគិន។ 

លោកបន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើរតួរនាទីជាអ្នកសម្របសម្រួលរវាងអ្នកវិនិយោគ និងស្ថាប័ននានារបស់រាជរដ្ឋាភិបាល ដើម្បីធានានូវប្រសិទ្ធភាពការងាររបស់វិស័យឯកជន ហើយការចុះទស្សនកិច្ចនេះគឺជាសកម្មភាពយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការស្វែងយល់បន្ថែមទៀតអំពីតម្រូវការនានា និងបញ្ហាប្រឈមផ្សេងៗរបស់ក្រុមហ៊ុនដែលបានផ្ដល់ទំនុកចិត្តក្នុងការវិនិយោគនៅកម្ពុជា។  

គួរជម្រាបជូនថា តាមរយៈដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុនមួយចំនួនបានបង្ហាញពីបទពិសោធន៍វិនិយោគនៅកម្ពុជាកន្លងមក ព្រមទាំងបានបង្ហាញពីការជឿទុកចិត្តនូវសក្ដានុពលសេដ្ឋកិច្ចនៅកម្ពុជា ដោយបានបន្តផ្តល់ទំនុកចិត្ត ពង្រីកការបណ្ដាក់ទុនវិនិយោគរបស់ខ្លួននៅកម្ពុជាកាន់តែច្រើនឡើង ដែលទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈការពង្រីកឱកាសការងារ និងបង្កើនផលិតកម្មបន្ថែមទៀត។ 

រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្ដោតការយកចិត្តទុកដាក់លើការសាងសង់ និងផ្ដួចផ្ដើមសិក្សាគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដើម្បីចូលរួមកាត់បន្ថយតម្លៃឡូជីស្ទិក និងភាពប្រទាក់ក្រឡានៃប្រព័ន្ធដឹកជញ្ជូនក្នុងប្រទេស ដើម្បីបង្កភាពងាយស្រួល និងភាពសម្បូរបែបក្នុងការដឹកជញ្ជូន សំដៅទាក់ទាញវិនិយោគិនចូលក្នុងប្រទេសកម្ពុជាបន្ថែមទៀត។

សូមជម្រាបជូនបន្ថែមថា តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ទទួលបានគោលការណ៍វិនិយោគពីរាជរដ្ឋាភិបាល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦ ដែលមានទីតាំងស្ថិតក្នុងសង្កាត់កន្ទោក សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ អភិវឌ្ឍលើផ្ទៃដីទំហំ ៣៦០ហិកតា។ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មានគម្រោងវិនិយោគសរុបចំនួន ១៣៩គម្រោង ដែលមានមុខសញ្ញាវិនិយោគសំខាន់ៗដូចជា៖ ការផលិតសម្ភារៈបរិក្ខារអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត ខ្សែអគ្គិសនី បន្ទះសូឡា បរិក្ខារពេទ្យ កែច្នៃពេជ្រ បរិក្ខារសាងសង់ គ្រឿងសំអាង ចំណីអាហារនិងភេសជ្ជៈ ចំណីសត្វ ផលិតផលស្បែក សម្លៀកបំពាក់ និងស្បែកជើងជាដើម។ បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានផ្តល់ការងារជូនដល់កម្មករនិយោជិតចំនួនប្រមាណ ៣៨.៥០០កន្លែង ដែលវិនិយោគពីក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង៕