ក្រុមហ៊ុនKrisEnergy ប្រកាសក្ស័យធន កម្ពុជាអំពាវនាវឱ្យប្រទេសចំនួន៥មកសិក្សាវិនិយោគបូមប្រេងនៅប្លុក A

សង្គម​និង​សេដ្ឋកិច្ច

ក្រោយក្រុមហ៊ុន Kris Energy របស់សិង្ហបុរី បានប្រកាសក្ស័យធន និងបញ្ឈប់ការធ្វើអាជីវកម្មកាលពីពេលកន្លងទៅ មន្ត្រីរាជការរដ្ឋាភិបាលបានធ្វើការអំពាវនាវដល់បណ្តាប្រទេសមួយចំនួនមកសិក្សាវិនិយោគបូមប្រេងនៅប្លុក A ក្នុងដែនសមុទ្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ថ្លែងចេញពីវេទិកាពិភាក្សា«គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» នាថ្ងៃទី២១ ខែវិច្ឆិកាម្សិលមិញ នៅសណ្ឋាសុខាភ្នំពេញ បានលើកឡើងថា បន្ទាប់ពីលោកបានជួបជាមួយបណ្តាទូតនានា ដូចជាបារាំង ចិន ថៃ ម៉ាឡេស៊ី និងជប៉ុនជាដើម លោកតែងតែអំពាវនាវឱ្យក្រុមហ៊ុនវិនិយោគធំលើវិស័យរ៉ែ ដែលចង់មកវិនិយោគលើការបូមប្រេងនៅប្លុក A ក្នុងដែនសមុទ្រកម្ពុជា សូមធ្វើការសិក្សាពីប្លុកប្រេងនេះ ដោយរដ្ឋាភិបាលមានការចំហរ ចំពោះបំណងនៃសិក្សាវិនិយោគបូមប្រេងនេះ។ តែយ៉ាងណាលោក កែវ រតនៈ បញ្ជាក់ថា នៅក្នុងប្លុក A សក្តានុពលនៃការទាញយកប្រេងអាចនឹងមានទំហំតូច។

សូមជម្រាបថា កាលពីចុងខែធ្នូ ឆ្នាំ២០២០ កម្ពុជាបានទទួលដំណក់ប្រេងលើកដំបូងរបស់ខ្លួន ស្ថិតនៅតំបន់ប្លុក A ក្នុងដែនសមុទ្រកម្ពុជា ដែលក្រុមហ៊ុន Kris Energy របស់សិង្ហបុរីខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ។ ក្រោយមកអ្វីដែលគួរឲ្យសោកស្តាយនោះ បរិមាណប្រេងកាត ដែលបូមចេញពីអណ្តូងទាំង៥ នៃតំបន់អប្សរា ក្នុងប្លុក A មានបរិមាណតិចខុសពីការរំពឹងទុកហើយក្រុមហ៊ុន KrisEnergy បានប្រកាសក្ស័យធន ព្រោះតែមិនអាចស្រោចស្រង់ នូវបញ្ហាបំណុលរបស់ខ្លួនបាន។

ជុំវិញរឿងរ៉ាវនេះ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានរំលឹកថា ក្រោយការបែងផល ពីការលក់ប្រេងឆៅជិត ៣០ម៉ឺនប៉ារ៉ែលដែលបូមចេញពីសមុទ្រកម្ពុជានៅប្លុក A ហើយត្រូវបានកប៉ាល់ដឹកប្រេងឈ្មោះ MT Strovolos លួចដឹកទៅនោះ កម្ពុជាទទួលបានចំណូលជិត ២០លានដុល្លារអាមេរិក។

លោកថ្លែងថា៖ «បន្ទាប់ពីលក់ទៅបាន ២៥លានដុល្លារ ក្រោយពីដោះស្រាយសងថ្លៃកប៉ាល់គាត់ ដែលក្រុមហ៊ុន KrisEnergy ជំពាក់គាត់ យើងបានជាង១៤លានដុល្លារ ហើយបូកនឹងការបង់អីទៀត យើងទទួលបានសរុបទៅជិត ២០លានដុល្លារ»៕