កម្ពុជា-វៀតណាម ថានឹងរួមគ្នា បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដែលអាចបំពេញគ្នា និងគាំទ្រគ្នាទៅវិញទៅមក។នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយ លោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម ក្នុងឱកាស អញ្ជើញទស្សនកិច្ចផ្លូវការនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦ នារដ្ឋធានីហាណូយ។

នាឱកាសនោះ សម្តេចធិបតី និងប្រធានរដ្ឋសភាវៀតណាម បានឯកភាពគ្នាថា ប្រទេសទាំងពីរនៅតែមានសក្កានុពល និងកាលានុវត្តភាពជាច្រើនទៀត ដែលអាចបំពេញឱ្យគ្នា និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនទាំងពីរ។

ទន្ទឹមគ្នានេះ លោកប្រធានរដ្ឋសភាវៀតណាម បានគូសបញ្ជាក់ថា ភាគីវៀតណាមបន្តជំរុញការអនុវត្តនូវកិច្ចព្រមព្រៀង ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ព្រមទាំងសម្ដែងនូវសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជានឹងត្រូវបានបន្តលើកកម្ពស់បន្ថែមទៀត។លោកក៏បានបញ្ជាក់ពីការបន្តជំរុញនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទ្វេភាគីឱ្យកាន់តែរឹងមាំ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអន្តរជាតិ។
ជាការឆ្លើយតប, សម្ដេចធិបតី បង្ហាញការពេញចិត្តចំពោះកិច្ចសហប្រត្តិការដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ចគ្រប់កម្រិត និងការជួបពិភាក្សាគ្នាជាញឹកញាប់រវាងថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញាតិ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងវេទិកាអន្តរជាតិនានា ដែលការណ៍នេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
នៅក្នុងជំនួបនោះដែរ កម្ពុជា-វៀតណាម ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា សំដៅបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗ រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, នយោបាយ, សន្តិសុខ និងការពារជាតិ, អប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ទេសចរណ៍, វប្បធម៌, និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសចំណុចតភ្ជាប់រវាងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ, ការតភ្ជាប់ការធ្វើដំណើរតាមផ្លូវទឹក ព្រមទាំងការពង្រីកជើងហោះហើរបន្ថែមទៀត រវាងប្រទេសទាំងពីរជាដើម៕ អត្ថបទ៖ហ្សាលីន




