ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តចំអិនម្ហូបផ្គត់ផ្គង់ជនភៀសសឹកខេត្តព្រះវិហារចំនួន ២,៦៦៩គ្រួសារ

ជុំវិញ​ឧកញ៉ា

ជនភៀសសឹកក្នុងខេត្តព្រះវិហារ ចំនួន ២គោលដៅដែលបានជម្លៀសពីតំបន់សមរភូមិជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តរៀបចំចម្អិនម្ហូបអាហារផ្គត់ផ្គង់ចំនួន ២ពេលជារៀងរាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងនៅថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដែលដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំម្ហូបផ្គត់ផ្គង់ជនភៀសសឹក ២គោលដៅ នៅជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន ១,៩០៥គ្រួសារ ស្មើ ៦,៥៩៤នាក់ និងនៅជំរំវត្តកំពង់សង្កែ ស្រុកឆែប ចំនួន ៧៦៤គ្រួសារ ស្មើ ២,០៨៦នាក់។

ការរៀបចំផ្គត់ផ្គង់ម្ហូបជូនជនភៀសសឹករបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។

សូមបញ្ជាក់ថា ចាប់តាំងពីផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែកក្កដា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធបានដឹកនាំក្រុមយុវជនរាប់នាក់ចុះសមរភូមិរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលកាលណោះមានពលរដ្ឋជិត ៧ម៉ឺននាក់ ១១គោលដៅបានមកទទួលម្ហូបរៀបចំពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ចំនួន ២ពេលជារៀងរាល់ថ្ងៃ៕