អ្នកឧកញ៉ា លី យ៉ុងផាត់ ចាត់តាំងអ្នកឧកញ៉ា សៀ ឬទ្ធី អមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅជប៉ុន

ជុំវិញ​ឧកញ៉ា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួម កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី ៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ​ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា អមដំណើរសម្តេចធិបតីនាយករដ្ឋមន្រ្តីទៅកាន់ទីក្រុងតូក្យូនាពេលមានមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។

ដើម្បីអមដំណើរសម្តេចធិបតីទៅកាន់ប្រទេសជប៉ុននាពេលនេះដែរ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំងអ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា ធ្វើការដឹកនាំគណៈប្រតិភូនៃសមាគមឧកញ៉ាកម្ពុជា ចំនួន ៣រូបចូលរួម មានដូចជា អ្នកឧកញ៉ា ហាន ឃាង, លោកស្រីអ្នកឧកញ៉ា អ៊ាន អែឡេន និងឧកញ៉ា ហ៊ុន ឡាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន។

សូមជម្រាបជូនបន្ថែមថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសមាគមក៏នឹងចូលរួមកិច្ចប្រជុំធុរកិច្ចនិងវិនិយោគផ្សេងៗទៀតដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងក៏ដូចជាតភ្ជាប់ធុរកិច្ចរវាងកម្ពុជានិងជប៉ុនផងដែរ៕