កម្ពុជា-វៀតណាម នឹងរួមគ្នាពង្រីកការធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែនទ្វេភាគី សំដៅឈានទៅជំរុញការនាំចេញនាំចូលទំនិញកាន់តែប្រសើរថែមទៀត។នេះបើតាមជំនួបពិភាក្សារវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកNGUYEN Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា កាលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេរភាគី កម្ពុជា-វៀតណាម ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច, ការវិនិយោគ, ការធ្វើពាណិជ្ជកម្ម, ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ព្រមទាំងពិភាក្សាផងដែរអំពីបច្ចុប្បន្នភាពនៃស្ថានភាពសកលលោកកំពុងស្ថិតក្នុងបរិការណ៍ដែលមានការប្រែប្រួល ហើយទាមទារឱ្យមានការត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ និងមានភាពបត់បែនខ្ពស់។

នាឱកាសនោះ ឯកអគ្គរដ្ឋទូតវៀតណា បានសសើរចំពោះCDC ជា ជុំវិញការបំបែកកំណត់ត្រាការអនុម័តចំនួនគម្រោងវិនិយោគក្នុងឆ្នាំ២០២៤ និងការឈានទៅបំបែកកំណត់ត្រាសារជាថ្មីម្តងទៀតក្នុងឆ្នាំ២០២៥ ដែលលទ្ធផលនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពអំណោយផលសម្រាប់ការវិនិយោគដោយផ្ទាល់ពីបរទេស។

ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល រំពឹងថា ស្ថានទូតវៀតណាម នឹងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងដ៏ស្អិតរមួត ភូមិផងរបងតែមួយ ឱ្យកាន់តែមានភាពល្អប្រសើរឡើង និងហុចផលប្រយោជន៍ទៅវិញទៅមក។ លោក បន្តថា CDC បានត្រៀមលក្ខណៈរួចរាល់ជានិច្ច ក្នុងការសម្របសម្រួលរាល់គ្រប់កិច្ចការងារវិនិយោគរបស់វិស័យឯកជនពីគ្រប់បណ្តាប្រទេសជាមិត្ត សំដៅធានាបាននូវបរិយាកាសវិនិយោគជូនដល់វិនិយោគិន។
តាមរយៈជំនួបខាងលើ ភាគីទាំងពីរ ក៏បានពិភាក្សាលើការពិនិត្យលទ្ធភាព ក្នុងការបង្កើតឱ្យមានយន្តការកិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-វៀតណាម ដើម្បីរួមចំណែកក្នុងការកែលម្អបរិស្ថានធុរកិច្ច សំដៅពង្រឹងនិងពង្រីកវត្តមានរបស់សហគ្រាសវិនិយោគវៀតណាម ឱ្យមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែមទៀតផងដែរ៕ អត្ថបទ៖ហ្សាលីន

