នាយករដ្ឋមន្ត្រីសឹង្ហបុរីសង្ឃឹមថា កម្ពុជា-ថៃនឹង​ដោះ​ស្រាយ​បញ្ហា​ព្រំដែន ដោយឈរលើគោលការច្បាប់អន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

លោក Lawrence Wong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសឹង្ហបុរី បានបង្ហាញក្តីសង្ឃឹមថា ប្រទេសកម្ពុជា និងថៃ ​នឹង​ដោះ​ស្រាយ​បញ្ហា​ដោយសន្ដិវិធី ដោយឈរលើគោលការច្បាប់អន្តរជាតិ។លោកលើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ឱកាស​នោះ ​សម្ដេច​តេជោ ​ហ៊ុន សែន បានស្វាគមន៍នាយក​រដ្ឋ​មន្ត្រី និងគណៈប្រភូសិង្ហបុរី ខណៈសម្ដេចតេជោ បានចាត់ទុក​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នៅ​កម្ពុជានាពេលនេះ ជាផ្នែកដ៏សំខាន់ នៃការជំរុញទំនាក់ទំនងរវាងកម្ពុជា និង​សិង្ហបុរី​ឱ្យ​កាន់​តែ​ល្អប្រសើរ​រីកចម្រើនបន្ថែមទៀត។

បន្ថែមពីនេះ សម្ដេចតេជោ ក៏បានចែករំលែកអំពីស្ថានភាពបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសម្ដេច​បាន​បញ្ជាក់​ពី​មូល​ហេតុ​ដែល​បានកើតឡើង គឺផ្ដើមឡើងដោយ​ទាហាន​ថៃ​ចូល​មក​បាញ់​សម្លាប់​ទាហាន​កម្ពុជា​កាល​ពី​ថ្ងៃ​ទី២៨ ខែឧសភាកន្លងទៅនេះ និងថៃបានបិទព្រំដែនជាឯកតោភាគី និងការ​គំរាម​កំហែង​ផ្សេង​ៗជាច្រើនទៀត។សម្ដេច ក៏បានបញ្ជាក់ថា កម្ពុជាទាំងសម្ដេចធិបតី និងសម្ដេចផ្ទាល់ គឺមិនចង់មាន​បញ្ហា​សង្គ្រាម​ជា​មួយ​ប្រទេសជិតខាងនោះទេ គឺកម្ពុជាចង់ដោះស្រាយបញ្ហាដោយសន្តិវិធី និងឈរលើច្បា​ប់​អន្តរ​ជាតិ​ ប៉ុន្តែប្រសិនបើនៅតែបំពាន និងឈ្លានពាន​កម្ពុជា​គឺ​យើង​ត្រូវ​ប្រើសិ​ទ្ធិ​ការ​ពារនៅ​វៃ​បក​ត្រឡប់​ទៅ​វិញ។

ជុំវិញរឿងនេះ លោក Lawrence Wong (ឡរ៉េន វ៉ុង) នាយករដ្ឋមន្ត្រី នៃប្រទេសសិង្ហបុរី បានបង្ហាញក្ដីរីករាយចំពោះទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ ដោយ​មានការរីកចម្រើន ជាលំដាប់ ជាពិសេសនៅឆ្នាំនេះ គឺជាខួបទី ៦០ ឆ្នាំ នៃទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការផ្លូវការវាងប្រទេសទាំងពីរ។

បន្ថែមពីនេះ លោកនាយកដ្ឋមន្រ្ដីក៏បានអរគុណចំពោះសម្ដេចតេជោ ដែលបានពន្យល់អំពីបញ្ហាព្រំដែន និង​គោល​បំណងនៃការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់កម្ពុជា ខណៈលោកសង្ឃឹមថា ភាគីទាំងពីរ​នឹង​ដោះ​ស្រាយ​បញ្ហា​ដោយសន្ដិវិធី ដោយឈរលើគោលការច្បាប់អន្តរជាតិ។

សូមបញ្ជាក់ផងដែរថា កម្ពុជា បានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងការស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីជាមួយថៃ៕អត្ថបទ៖ ហ្សាលីន