នាព្រឹកថៃ្ងព្រហស្បតិ៍ ទី០២ ខែតុលា ឆ្នាំ២០២៥ នៅសាលាជាតិគយ, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានដឹកនាំសមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជា, សហប្រធានក្រុមការងារផ្នែកឯកជនទាំង១៦ និងតំណាងក្រុមហ៊ុនសមាគម ជាតិ-អន្តរជាតិ ចូលរួមក្នុងវេទិកាស្ដីពី “ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក”។

ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងមានការចូលរួមផងដែររបស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រួមទាំងការចូលរួមពីតំណាង ភាគីពាក់ព័ន្ធ ពីតំណាងក្រសួង-ស្ថាប័ន រដ្ឋាភិបាល សរុបប្រមាណជា ៣៤០រូប។
ថ្លែងនៅក្នុងវេទិការដ៏មានសារៈសំខាន់នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធាន គ.ស.ឯ.រ.ជ បានលើកឡើងថា វេទិការនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជំនួញ បង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងពង្រីកឱកាសវិនិយោគជាមួយសហរដ្ឋអាមេរិក ដែលជាដៃគូសេដ្ឋកិច្ចសំខាន់មួយរបស់កម្ពុជា។
អ្នកឧកញ៉ាប្រធាន បានបន្ថែមថាក្នុងរយៈពេលជិតពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបានការរីកចម្រើនគួរឱ្យកត់សម្គាល់នូវកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មប្រកបដោយចីរភាព។ សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏សំខាន់មួយសម្រាប់ផលិតផលកម្ពុជា ជាពិសេសគឺសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ ការកើនឡើងក្នុងវិស័យកសិកម្ម ការផលិត ឡូជីស្ទិក និងបច្ចេកវិទ្យា។
តាមរយៈវេទិកានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានប្តេជ្ញាចិត្តរួមគ្នាក្នុងដោះស្រាយបញ្ហានិងសំណូមពររបស់វិនិយោគិន ដើម្បីបង្ការនិងទប់ស្កាត់បទល្មើសបន្លំដើមកំណើតទំនិញ រក្សាទីផ្សារសហរដ្ឋអាម៉េរិក និងទាក់ទាញការវិនិយោគ ប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងអនុលោមភាព៕





