ក្រុមហ៊ុនចិនធំមួយ នឹងដាក់ដំណើរការរោងចក្រតម្លើងរថយន្តអគ្គិសនីនៅខេត្តព្រះសីហនុឆាប់ៗនេះ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន BYD AUTO INDUSTRY CO., LTD. ដែលជាក្រុមហ៊ុនធំមួយរបស់ចិន នឹងដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រតម្លើងរថយន្តអគ្គិសនី និងមជ្ឈមណ្ឌលជួសជុលថែទាំនៅក្នុងខេត្តព្រះសីហនុ នាពេលឆាប់ៗខាងមុខ។ នេះបើតាមជំនួបពិភាក្សារវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូក្រុមហ៊ុន BYD ដឹកនាំដោយ លោក Xiao Haipin នាយកប្រតិបត្តិនៃការិយាល័យប្រធានសម្ព័ន្ធក្រុមហ៊ុន នាថ្ងៃទី២ តុលា ឆ្នាំ២០២៥ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈប្រតិភូក្រុមហ៊ុន BYD បានឱ្យដឹងថា គោលបំណងនៃជំនួបនេះ ដើម្បីរាយការណ៍ការងាររបស់ក្រុមហ៊ុន BYD នៅកម្ពុជាក្នុងរយៈពេលកន្លងមក, វឌ្ឍនភាពនៃការអនុវត្តការងារសាងសង់រោងចក្រតម្លើងរថយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ, និងគម្រោងក្នុងការរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ រោងចក្រតម្លើងរថយន្តអគ្គិសនី និងមជ្ឈមណ្ឌលជួសជុលថែទាំ នាពេលឆាប់ៗខាងមុខផងដែរ។

ក្រុមហ៊ុន BYD ក៏បញ្ជាក់ថា ខ្លួននឹងសហការជាមួយក្រុមហ៊ុន Huawei ក្នុងការរៀបចំសម្របសម្រួលលើបេសកកម្មជំរុញការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មយានយន្ត និងអេឡិចត្រូនិក របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងទីក្រុង Shenzhen ប្រទេសចិន នាពេលអនាគតផងដែរ។

ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល បង្ហាញក្តីរីករាយ និងរំពឹងថា សម្ព័ន្ធ BYD នឹងពាំនាំអំពីគុណសម្បត្តិ និងចំណុចវិជ្ជមាននានាដែលពាក់ព័ន្ធការវិនិយោគនៅកម្ពុជាផ្សព្វផ្សាយបន្តទៅកាន់ដៃគូវិនិយោគ និងសហគមធុរកិច្ចរបស់ខ្លួនផងដែរ។ លោកថា CDC ត្រៀមលក្ខណៈរួចរាល់ ក្នុងការសម្របសម្រួលរាល់គ្រប់កិច្ចការងារវិនិយោគរបស់វិស័យឯកជននៅកម្ពុជា។

សូមរម្លឹកថា ក្រុមហ៊ុន BYD បានបើកការសាងសង់រោងចក្រដំឡើងរថយន្តនៅតំបន់សេដ្ឋកិច្ចពិសេស​ខេត្ត​ព្រះសីហនុ។រោងចក្រនេះ នឹងដំឡើងផលិតចំនួន ២ប្រភេទរថយន្ដ គឺរថយន្ដ BYD EV ប្រើអគ្គិសនីសុទ្ធ និងរថយន្ដ BYD ដែលអាចប្រើប្រាស់ទាំងសាំង និងអគ្គិសនី។ការដំឡើងផលិតរថយន្ដ ក្រុមហ៊ុននឹងអាចដំឡើង​រថយន្ដ​ចន្លោះពី ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ៕ អត្ថបទ៖ហ្សាលីន