ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាល មិនដែលខ្ជះខ្ជាយពេលវេលាសូម្បីមួយវិនាទី ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី

សង្គម​ និង​សេដ្ឋកិច្ច

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាល ជាពិសេសថ្នាក់ដឹកនាំ ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមទាំងក្រសួង ស្ថាប័នដែលជាសេនាធិការទាំងអស់មិនដែលខ្ជះខ្ជាយពេលវេលាសូម្បីមួយវិនាទី និងមិនដែលសំចៃកម្លាំងកាយចិត្ត បញ្ញា ស្មារតី សូម្បីបន្តិចបន្តួចឡើយ ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាការដោះស្រាយការលំបាកជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមខ្លឹមសាររបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បាន​ឱ្យដឹងថា រហូតមកទល់ថ្ងៃនេះ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានផ្តល់កំណើតដល់បទឈប់បាញ់កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មានអាយុ២០ថ្ងៃហើយ។ ក្នុងអំឡុងពេលនេះ កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមនេះ ក៏ដូចជាកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត រួមទាំងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ផងដែរ។

ក្រៅពីបទឈប់បាញ់ដែលជាលទ្ធផលដំបូងនិងធំជាងគេ និងដែលឆ្លុះបញ្ចាំងពីបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលកម្ពុជា សេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏បានផ្តល់សេរីភាពដល់យោធិនកម្ពុជា១៨នាក់ បានឱ្យវិលត្រឡប់មកជួបជុំគ្រួសារវិញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ខណៈដែលជនភៀសសឹកភាគច្រើនក៏បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ។ ជាក់ស្តែង រហូតមកទល់ពេលនេះ មានពលរដ្ឋភៀសសឹកសរុបជាង ៥០ម៉ឺននាក់ហើយក្នុងចំណោមជាង ៦៤ម៉ឺននាក់ បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ។

ក្នុងអំឡុងពេលនេះដែរ ក្រុមការងារចំពោះកិច្ចដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល បាននិងកំពុងចុះបំពេញការងារយ៉ាងសកម្ម ដើម្បីវាយតម្លៃពីផលប៉ះពាល់លើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលរងការបំផ្លិចបំផ្លាញ ដោយការវាយប្រហាររបស់ទាហានថៃដោយបំពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ លទ្ធផលនៃការវាយតម្លៃនេះ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលក្នុងការចាត់វិធានការអន្តរាគមន៍បន្ទាន់ ដើម្បីស្តារជីវភាពប្រជាពលរដ្ឋភៀសសឹក និងស្តារហេដ្ឋារចនាសម្ព័ន្ធទាំងឡាយដែលរងការខូចខាតឱ្យបានឆាប់បំផុត។

ជាមួយគ្នានេះ កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដូចមានចែងក្នុងសេចក្តីប្រកាសរួម ដើម្បីផ្ទៀងផ្ទាត់និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។

ផ្អែកតាមស្មារតីខាងលើ ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ (CLG) កាលពីដើមខែមករានេះ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅទីតាំងស៊ីវិលចំនួនបួន ក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ។

គួរឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីពិភាក្សាគ្នាអំពីការងារសំខាន់ៗមួយចំនួនក្នុងន័យពង្រឹងការអនុវត្តនូវខ្លឹមសារសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀតឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ក្នុងស្មារតីគោរពសេចក្តីប្រកាសរួម ត្រង់ចំណុចទី៣ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនក៏បានដាក់សំណើរចំនួន៣លើក តាមរយៈកំណត់ទូតទៅកាន់ភាគីថៃ ក្នុងនោះសំណើរពីរលើក គឺសុំកោះប្រជុំពិសេសនៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៅក្នុងខេត្តសៀមរាប ដើម្បីវាស់វែងខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរ ដោយផ្តើមពីតំបន់អាទិភាពមុនគេ។ ប៉ុន្តែ ភាគីថៃបានសុំពន្យារពេលរហូតដល់ពេលបង្កើតរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតនាខែកុម្ភៈខាងមុខ។

ទោះជាយ៉ាងនេះក្តី កម្ពុជាបានដាក់សំណើរលើកទី៣ តាមរយៈកំណត់ទូតចុះថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៦ ដោយស្នើភាគីថៃឱ្យចាត់ក្រុមការងារវាស់វែងចម្រុះដើម្បីបោះបង្គោលបណ្តោះអាសន្នដែលជាការងារបន្ត និងសាងសង់ឡើងវិញបង្គោលព្រំដែនដែលសល់ពីជំនាន់បារាំងដែលភាគីទាំងពីរបានឯកភាពគ្នារួចហើយ។

ចំណែកក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងស្ថានតំណាងកម្ពុជាប្រចាំនៅបរទេសក៏សកម្មមមាញឹកយ៉ាងខ្លាំងក្នុងការធ្វើកំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ និងធ្វើបទបង្ហាញនានាដើម្បីឱ្យសហគមន៍អន្តរជាតិយល់ពីបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងការរំលោភបំពាន និងការចង់បានដំណោះស្រាយដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។ ចំណែកក្រសួងមហាផ្ទៃ អាជ្ញាធរដែនដី និងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក៏សកម្មមមាញឹកគ្រប់ពេលវេលា ពុះពារមិនដែលខ្លាចនឿយហត់ឡើយក្នុងគ្រាដ៏លំបាកនេះ។

បើតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ ជំហរការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាជាជំហរដែលមិនអាចធ្វើសម្បទានបានឡើយ៕