លោក គង់ វិបុល៖ អ្នកប្រព្រឹត្តបទល្មើសពន្ធដារ ក្នុងករណីខ្លះ គឺមានកម្រិតខ្ពស់ជាងភ្នាក់ងារអនុវត្តច្បាប់ទៅទៀត

សង្គម​និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា បទល្មើសពន្ធដារ គឺជាប្រធានបទក្តៅគគុក និងពោរពេញទៅដោយ ភាពចម្រូងចម្រាសជាទីបំផុត ទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងពិភពលោកទាំងមូល ខណៈអ្នកប្រព្រឹត្តបទល្មើសនេះ ក្នុងករណីខ្លះ គឺមានកម្រិតខ្ពស់ជាងភ្នាក់ងារអនុវត្តច្បាប់ទៅទៀត។ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានស្តីពីវគ្គបណ្តុះបណ្តាល ស្តីពីបទល្មើសពន្ធដារ ជូនថ្នាក់ដឹកនាំអង្គភាពពន្ធដារ ដែលបានផ្សាយចេញកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បទល្មើសទាំងអស់នេះ មានសមាសធាតុប្រទាក់ក្រឡាគ្នា និងពាក់ព័ន្ធគ្នា ហើយអ្នកប្រព្រឹត្តបទល្មើសទាំងនេះ ទាំងក្នុងទ្រង់ទ្រាយតូច និងធំ ទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ គឺជាបុគ្គល និងអង្គភាពដែលមានសមត្ថភាពទេពកោសល្យខ្ពស់ និងលឿនរហ័ស ដែលក្នុងករណីខ្លះ គឺមានកម្រិតខ្ពស់ជាងភ្នាក់ងារអនុវត្តច្បាប់ទៅទៀត។

លោក គង់ វិបុល បានបញ្ជាក់ថា៖​ «នៅកម្ពុជា និងនៅអគ្គនាយកដ្ឋានពន្ធដារ គឺយើងកំពុងប្រឈម ជាមួយនឹងបញ្ហានេះខ្លាំងជាទីបំផុត ដែលវាគឺជាផ្នែកមួយ ឬជាបរិវារមួយ នៃបទល្មើសធំៗដទៃទៀត ដែលមានដូចជា៖ បទល្មើសសេដ្ឋកិច្ច បទល្មើសហិរញ្ញវត្ថុ និងបទល្មើសលាងសម្អាតប្រាក់ជាដើម»។

គួរបញ្ជាក់ដែរថា បទល្មើសពន្ធដារ បទល្មើសសេដ្ឋកិច្ច បទល្មើសហិរញ្ញវត្ថុ និងបទល្មើសលាងសម្អាតប្រាក់ មិនត្រឹមតែបង្កឲ្យប៉ះពាល់ខ្លាំងចំពោះថវិកាជាតិ និងសេដ្ឋកិច្ចជាតិ តំបន់ និងពិភពលោក ប៉ុណ្ណោះទេ គឺថែមទាំងចំពោះសន្តិសុខ ស្ថិរភាពនយោបាយ និងជំនឿទុកចិត្តរបស់សាធារណជន លើសមត្ថភាពរបស់រដ្ឋាភិបាល ចំពោះការដឹកនាំ និងគ្រប់គ្រងសង្គម និងប្រទេសជាតិទាំងមូល។ នេះបើតាមការបញ្ជាក់បន្ថែមពី លោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ៕