ទូតរុស្ស៊ី សសើរ​កម្ពុជាលើ​ការ​គ្រប់​គ្រង​​ការរីករាល​ដាល​ជំងឺ​​កូវីដ-១៩

សង្គម​និង​សេដ្ឋកិច្ច

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធ​ពល​ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាល​ពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយ លោកAnatoly BOROVIK ឯកអគ្គរដ្ឋទូត​សហ​​ព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា នៅទីបញ្ជាការកងទ័ពជើងគោកនៃកង​យោធ​ពលខេមរភូមិន្ទ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត បានធ្វើការ​កោត​សសើរ​ដល់រាជ​រដ្ឋាភិបាលកម្ពុជាក្នុង​ការ​គ្រប់​គ្រង​​ការរីក​រាល​ដាល​នៃ​ជំងឺកូវីដ-១៩ ដោយជោគជ័យ រហូតមានការបើក​សេដ្ឋកិច្ច​​-សង្គមទ្បើងវិញលើ​គ្រប់​​វិស័យ និងបានលើកឡើងអំពី​ទំ​នាក់​​​ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ព​ជើងគោកនៃប្រទេស​ទាំង​ពីរកម្ពុជា-រុស្សី ដែលបានអនុវត្តកន្លងមក។

ទន្ទឹមនឹងនេះ ​ លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវឆន្ទៈក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃ​ប្រ​ទេស​​ទាំងពីរ និយាយជារួម និងនិយាយដោយឡែក រវាងកងទ័ពជើងគោកឱ្យកាន់តែសកម្មនិងរឹងមាំ។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើង​​គោក បានសម្តែងលើកឡើងអំពីទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងប្រទេស និងប្រជាជនទាំងពីរ ព្រមជា​មួយ​នឹង​ការ​វាយ​​​តម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេស​សក​​ម្មភាព​​​រួមគ្នាជា​ច្រើនក្នុងកម្រិត​កង​​ទ័ពជើងគោកដូចជា ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងការហ្វឹកហ្វឺន​បណ្តុះបណ្តាលធនធានមនុស្សជាដើម ៕