ឧកញ៉ា លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទស្សនាឧបករណ៍ហ្វឹកហាត់សម្រាប់ការហោះហើររបស់អាកាសយានិកក្នុងថ្នាក់រៀន (Classroom Flight simulator Desktop G1000) នៃមហាវិទ្យាល័យ អាកាសចរសុីវិល នៅសាលសន្និសីទសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំង២-ស្ពានអាកាសចោមចៅ។

ការអញ្ជើញទស្សនាឧបករណ៍ហ្វឹកហាត់សម្រាប់ការហោះហើរក្នុងថ្នាក់រៀននេះ បានធ្វើឡើងក្នុងឱកាស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់កិត្តិយសប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ២,៨១៤អង្គ/នាក់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចូលរួមអបអរសាទរ ដល់និស្សិតជ័យលាភីទាំងអស់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលសញ្ញាបត្រនៅថ្ងៃនេះ។ ផ្សាភ្ជាប់ជាមួយការអបអរសាទរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងទៅកាន់និស្សិតជ័យលាភី ដែលទើបតែបានបញ្ចប់ការសិក្សា ជាប់ជាស្ថាពរ នៅជំនាញដែលបានជ្រើសរើស ដោយមានប្រសាសន៍ជូនពរ និងធ្វើការកោតសរសើរដល់ការខំប្រឹងប្រែង ដោយសង្ឃឹមថា អ្នកទទួលសញ្ញាបត្រនៅថ្ងៃនេះ ទទួលបានជោគជ័យ ក្នុងមាគ៌ាជីវិតជាបន្តបន្ទាប់ នាំកិត្តិយសម្រាប់ខ្លួនឯង នាំការសាទរ កិតិ្តយសសម្រាប់គ្រួសារ និងសូមឱ្យមានការផ្សាភ្ជាប់អ្វី ដែលជាមាគ៌ាជីវិតរបស់ខ្លួន ទៅលើភាពសុខទុក្ខរបស់ប្រទេសជាតិ។
ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងបន្ថែមដែរថា “ប្អូនៗត្រូវដឹងថា ប្អូនៗទាំងអស់គ្នានេះហើយ ដែលនឹងក្លាយជាកម្លាំងចលករ ជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ដែលជាដង្ហើមរបស់ជាតិយើង ហើយការបញ្ចប់ការសិក្សារបស់ប្អូនៗនៅពេលនេះ បានបើកឱកាសនៃការប្រកបអាជីព វិជ្ជាជីវៈនានា ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍកម្ពុជា”។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា៖ “ខ្ញុំមានសុទិដ្ឋិនិយមយ៉ាងខ្លាំងថា ប្អូនៗដែលត្រូវទទួលសញ្ញាបត្រនាពេលនេះ ទាំងកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សុទ្ធសឹងជាបញ្ញវន្ត ប្រកបដោយបញ្ញាញាណ និងជា កម្លាំងស្នូល ពោរពេញដោយបច្ចេកទេស ជំនាញ មានចំណេះដឹង ចំណេះធ្វើពិតប្រាកដ មានសីលធម៌ល្អប្រពៃ និងមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ និងប្រើប្រាស់ចំណេះដឹងរបស់ខ្លួន ទៅចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសង្គមកម្ពុជា។ ប្អូនៗនៅទីនេះ មានក្តីស្រមៃ ក្តីសង្ឃឹម និងអនាគតដែលប៉ងប្រាថ្នា ដូចនេះ សូមប្អូនៗបន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចជោគជ័យរបស់ខ្លួនឱ្យបាន ព្រោះថាភាពជោគជ័យរបស់ប្អូនៗគ្រប់រូប ស្មើនឹងភាពជោគជ័យរបស់ប្រទេសជាតិទាំងមូល”៕











