លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង៖ កម្មវិធីតន្ត្រីសប្បុរសធម៌ រៀបចំដើម្បីរ៉ៃអង្គាសថវិកាជួយកងទ័ព ផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ និងជួយបង្កើនសេដ្ឋកិច្ច

ជុំវិញ​ឧកញ៉ា

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំសិល្បករ-សិល្បការិនីល្បីៗ រៀបចំកម្មវិធីតន្ត្រីសប្បុរសធម៌ទ្រទ្រង់ជនភៀសសឹក និងផ្តល់ភាពសប្បាយរីករាយដល់ភ្ញៀវជាតិ និងអន្តរជាតិ នៅផ្លូវថ្មើរជើងចតុមុខ រាជធានីភ្នំពេញ រយៈពេល ២ថ្ងៃជាប់គ្នា នៅថ្ងៃទី៤-៥ ខែតុលា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីតន្ត្រីសប្បុរសធម៌ដែលរៀបចំដោយសមាគមសិល្បករខ្មែរនេះ មានដូចជា ការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា, គោរពវិញ្ញាណក្ខន្ធវីរកងទ័ព, សិល្បករទាំងអស់គោរពនូវមរតកមនុស្សរស់ ដែលបានលះបង់កម្លាំងកាយចិត្តស្ទើរមួយជីវិត ដើម្បីសិល្បៈរបាំបុរាណខ្មែរ, ការបង្ហាញជូនចម្រៀងសម័យ បុរាណ, ការសម្តែងនូវល្ខោនពោលស្រី ដោយលោកយាយអាយុ ៩៣ឆ្នាំ, ល្ខោនបាសាក់ដកស្រង់ចេញពីរឿងនាងកែវមុន្នីរតនា ធិតាមុខសេះ ដែលរួមសម្តែងដោយសិល្បករបុរាណ និងសម័យ, ការសម្តែងរឿងខ្លីបែបកំប្លែងពីក្រុមលោក ពូ ណុយ និងច្រៀងរួមគ្នាបទ We are the World ផងដែរ។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីតន្ត្រីសប្បុរសធម៌នេះ ក្នុងគោលបំណង៖ ទី១-ជាការរ៉ៃអង្គាសថវិកាជួយទៅដល់បងៗជាវីរកងទ័ពជួរមុខទាំងអស់ និងជនភៀសសឹក, ទី២-ចង់បង្ហាញលើកស្ទួយ និងផ្សព្វផ្សាយវិស័យសិល្បៈវប្បធម៌របស់ខ្មែរ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យបានឃើញបានដឹងផ្ទាល់ នៅ Walk street រាជធានីភ្នំពេញ និង ទី៣-ការបង្កើន សេដ្ឋកិច្ចមួយផ្នែកផងដែរ។

ជាមួយគ្នានេះ លោកជំទាវអ្នកឧកញ៉ា ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស សូមមានសុខភាពល្អ និងបួងសួងសុំឱ្យទេវតាឆ្នាំថ្មី ឃុំគ្រងព្រះរាជាណាចក្រកម្ពុជា ជាពិសេសប្រជាពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មានសុខភាពល្អទទួលបានជ័យជំនះ និងកម្ពុជាទទួលបានសុខសន្តិភាព នាពេលឆាប់ៗខាងមុខនេះ៕